ព័ត៌មានជាតិ

១ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ច បង្ក្រាបបទល្មើស ៣៥ករណី ឃាត់ខ្លួន៧៥នាក់

ភ្នំពេញ៖ អនុវត្តតាមបទដ្ឋានគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ពោលនាថ្ងៃ១៧ មីនា សមត្ថកិច្ចក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការ បង្ក្រាបបទល្មើសទូទៅបានចំនួន ៣៥ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៧៥នាក់ ដើម្បីចាត់វិធានការតាមនីតិវិធីតាមច្បាប់បន្ត។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនាថ្ងៃ ១៨ មីនា ។

លោកថា ក្នុងចំណោម៣៥ករណីនេះ មានករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន ១០ករណី ឃាត់ខ្លួនបាន១៣នាក់។ ករណីព្រហ្មទណ្ឌ រួមមាន ៖ លួច ឆបោក និងអំពើហិង្សាជាដើម។ ជាការកត់សម្គាល់ ជាកម្រិតបទល្មើសមជ្ឈិម ពុំមានបទល្មើសថ្នាក់ឧក្រិដ្ឋទេ។

ចំណែកឯ ករណីគ្រឿងញៀនវិញ អ្នកនាំពាក្យរងបន្តថា ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន១៥ករណី ឃាត់ខ្លួនបាន៣៣នាក់ និងរឹបអូសសារធាតុសង្ស័យ គ្រឿងញៀនចំនួន ២០០,០៨ក្រាម។

ទន្ទឹមនេះ បង្ក្រាបក្មេងទំនើង បាន៣ករណី ឃាត់ខ្លួន៦នាក់ ដោយចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្ម។ នៅថ្ងៃដដែលនេះ នគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ចំនួន៤ករណី ឃាត់ខ្លួន១៨នាក់ ប៉ុន្តែមិនកសាងសំណុំរឿងទៅតុលាការទេ ត្រឹមចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំណែនាំនិងធ្វើកិច្ចសន្យា បញ្ឈប់សកម្មប្រព្រឹត្តិ ៕

To Top