ព័ត៌មានជាតិ

៥ថ្ងៃ សមត្ថកិច្ច បានឃ្លុំដីទំហំជិត៤ពាន់ហិកតា ក្នុងខេត្តពោធិ៍សាត់ និងបញ្ជូនជនសង្ស័យ ម្នាក់ទៅតុលាការ

ភ្នំពេញ ៖ ក្រោយសមត្ថកិច្ចចម្រុះ​ ចំនួន១០ក្រុម ដែលមានកម្លាំងសរុប៧៨៩នាក់ បានបើកប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមីនា បានចុះឃ្លុំដីទំហំចំនួនទីតាំង ៣៩៤២,៧៣ ហិកតា ឃុំខ្លួនជនសង្ស័យ១នាក់ ទៅតុលាការសាលាដំបូងខេត្តពោធិ៍សាត់ និងអប់រំមនុស្សចំនួនថែមទៀត។

ការបូកសរុបការងារប្រតិបត្តិការលើកទី១ បានធ្វើឡើង នៅថ្ងៃទី១៧ មីនា នៅសាលាស្រុកវាលវែងខេត្តពោធិ៍សាត់ ។

ប្រតិបត្តិការនេះ បន្ទាប់ពីមានបញ្ជា ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឲ្យអាជ្ញាធរ ពាក់ព័ន្ធពង្រឹងការគ្រប់គ្រង ធនធាធម្មជាតិ នៅតាមភូមិសាស្រ្តនានាទូទាំងប្រទេស ។ ប្រតិបត្តិការទ្រង់ទ្រាយធំ របស់សមត្ថកិច្ចចម្រុះបានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ក៏បានធ្វើឡើងក្រោយការដាក់បទបញ្ជាដោយផ្ទាល់ពី លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និង ជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ និងបញ្ជាការកងឯកភាពខេត្ត ដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃ១៥ មីនា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំអាជ្ញាធរ ពាក់ព័ន្ធយកចិត្តទុកដាក់ លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដើម្បីកុំឲ្យមានជនឆ្លៀត ឱកាសបំផ្លាញធនធានធម្មជាតិ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើស ធនធានធម្មជាតិ ៖
១- ការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស ។ ២- ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ។ ៣- បន្តសហការជាមួយបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំស្តារព្រៃឈើ សំដៅឲ្យមានការដាំដើមឈើច្រើន ដើម្បីបង្កើនគម្របព្រៃ ឈើបាន៦០% នៅឆ្នាំ២០៥០ ៕

To Top