ព័ត៌មានជាតិ

ប្រធានរដ្ឋសភាថៃ នឹងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ៣ថ្ងៃ

ភ្នំពេញ៖ លោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភាថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។

តើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា នាថ្ងៃទី១៩ មីនា បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ។

ក្នុងកំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាន់មូហាម៉ាត់ណ មៈថា នឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

លោក វ៉ាន់មូហាម៉ាត់ណ មៈថា នឹងជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ នឹងអញ្ជើញចូលរួមក្នុងពិធីពិសារ អាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៨ផងដែរ ៕

To Top