ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ ការធ្វើបុរេវិនិច្ឆ័យបែបអវិជ្ជមាន ឈានដល់ប្រើសម្ដីមិនសមរម្យ លើសមត្ថកិច្ច មិនគួរកើតមាន

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា ការធ្វើបុរេវិនិច្ឆ័យបែបអវិជ្ជមានផ្សេងៗ រហូតឈានដល់ការប្រើពាក្យសម្ដី មិនសមរម្យលើសមត្ថកិច្ច ឬអាជ្ញាធរ និងការចូលទៅរំខានផ្សេងៗ ក៏មិនគួរកើតមានឡើយ ក្នុងពេលពួកគាត់កំពុងយកជីវិតទៅប្ដូរ ដើម្បីប្រជាពលរដ្ឋ ។ នេះបើយោងតាមរយៈបណ្ដាញសង្គម នាថ្ងៃ១៩ មីនា របស់លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ។

ការលើកឡើង របស់លោកឧបនាយករដ្ឋមន្រ្តីនេះ បន្ទាប់ពីមានឧប្បទ្ទវហេតុគ្រោះអគ្គិភ័យ លេបត្របាក់ផ្ទះពលរដ្ឋ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីវេលាម៉ោង ៧យប់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងហេតុការណ៍នោះ មានពលរដ្ឋម្នាក់ បានជេរប្រមាថមកលើសមត្ថកិច្ច ដែលគាត់អះអាងថា សមត្ថកិច្ចមានភាពយឺតយ៉ាវ ក្នុងការបាញ់ទឹកពន្លត់ ។

លោកឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា ទីតាំងកើតមានគ្រោះអគ្គិភ័យនោះ ជាផ្ទះប្រជាពលរដ្ឋ២ល្វែង ដែលមានស្តុកលក់គ្រឿងម៉ាស៊ីន និងប្រេងម៉ាស៊ីន ។ ក្នុងគ្រានោះ ផ្ទះត្រូវបានម្ចាស់ចាក់សោពីរជាន់ គឺសោខាងមុខជាប់សំយាបផ្ទះ និងសោចូលទៅក្នុងផ្ទះ ។ ដោយឃើញស្ថានភាពស្មុគស្មាញ និងភ្លើងឆេះមានហានិភ័យធ្ងន់ធ្ងរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាអធិការដ្ឋានក្រុង និងស្រុកផ្សេងទៀត បញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកគាំទ្របន្ថែម។

ក្នុងអំឡុងពេលសមត្ថកិច្ច កំពុងធ្វើប្រតិបត្តិការនោះ មានប្រជាពលរដ្ឋ បានចោមរោមយ៉ាងច្រើន ហើយក្នុងនោះ ក៏មានប្រជាពលរដ្ឋ ដែលមានផ្ទះក្បែរទីតាំងកើតហេតុ (ទំនងមានការព្រួយបារម្ភ និងភិតភ័យខ្លាំង) បានព្យាយាមជ្រៀតខ្លួនចូលក្នុងចំណោមកម្លាំងសមត្ថកិច្ច ដើម្បីប៉ុនប៉ងអូសទាញកម្លាំង បង្វែរទុយោទឹក ឲ្យបាញ់ទៅលើផ្ទះរបស់ខ្លួន រហូតមានពលរដ្ឋខ្លះ បានដណ្ដើមទុយោទឹក និងប្រើពាក្យសម្ដី មិនសមរម្យ ទៅលើសមត្ថកិច្ចទៀតផង ។ សមត្ថកិច្ចសុខចិត្តទទួលស្ដាប់ ពាក្យសម្ដីមិនសមរម្យ និងបានចាប់ពលរដ្ឋ ដែលចូលមករំខាននោះ ចេញពីទីតាំងប្រតិបត្តិការ ។

លោករដ្ឋមន្រ្តីថា ដូច្នេះពលរដ្ឋត្រូវទុកលទ្ធភាព ឲ្យសមត្ថកិច្ចធ្វើការ បានពេញដៃពេញជើង ពីព្រោះមានតែសមត្ថកិច្ចជំនាញទេ ដែលមានបទពិសោធន៍ និងមានការសន្និដ្ឋាន បែបបច្ចេទេស ចំពោះសភាពការណ៍ជាក់ស្ដែង ជាពិសេសគោលដៅ អាទិភាពត្រូវបាញ់ទឹកពន្លត់បន្ទាន់ និងគោលដៅបន្ទាប់ ត្រូវការពារជាដើម ។

លោកឧបនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «ការធ្វើបុរេវិនិច្ឆ័យ បែបអវិជ្ជមានផ្សេងៗ រហូតឈានដល់ការប្រើពាក្យសម្ដី មិនសមរម្យលើសមត្ថកិច្ច ឬអាជ្ញាធរ និងការចូលទៅរំខានផ្សេងៗ ក៏មិនគួរកើតមានឡើយ ក្នុងពេលដែលពួកគាត់កំពុង យកជីវិតទៅប្ដូរដើម្បីពួកយើង»។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានអំពាវនាវឲ្យពលរដ្ឋ ប្រុងប្រយត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យគ្រប់ទីកន្លែង ទាំងនៅក្នុងផ្ទះ ផ្សារ រោងចក្រ សហគ្រាសអាជីវកម្ម ទីតាំងសាធារណៈផ្សេងៗ ស្រែចំការ និងព្រៃជាដើម ជាពិសេសក្នុងស្ថានភាព ដែលប្រទេសកំពុងស្ថិតក្នុងរដូវក្ដៅ៕

To Top