ព័ត៌មានជាតិ

សម្ដេចធិបតី ៖ វិបត្តិកូវីដ-១៩ បង្ហាញឱ្យឃើញពីសមត្ថភាព របស់ក្រុមពេទ្យកម្ពុជា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា វិបត្តិកូវីដ-១៩ បង្ហាញឱ្យឃើញពីសមត្ថភាពគ្រូពេទ្យរបស់កម្ពុជា និងសមត្ថភាព របស់មន្ត្រីសុខាភិបាល នៅទូទាំងប្រទេស។

នាឱកាសអញ្ជើញ ជាអធិបតីបិទសន្និបាតសុខាភិបាល លើកទី៤៣ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «វិបត្តិកូវីដ-១៩នេះ បានបង្ហាញឱ្យយើង ផ្ដល់ឱ្យយើងវាយតម្លៃបានទិដ្ឋភាពចំនួនពីរ ក្នុងវិស័យសុខាភិបាល ។ ទីមួយ ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ បានបង្ហាញឱ្យអំពីសមត្ថភាព ជាក់ស្ដែងរបស់គ្រូពេទ្យ និងមន្ត្រីសុខាភិបាលរបស់កម្ពុជា នៅទូទាំងប្រទេស»

សម្ដេចធិបតី បន្ដថា ក៏បានថ្លែងអំណរគុណដល់កងទ័ពអាវស ដែលបានខិតខំការងារ ក្នុងពេលកូវីដ-១៩ រាតត្បាតនៅកម្ពុជា។

សម្ដេចធិបតី គូសបញ្ជាក់ថា «ទិដ្ឋភាព ទីពីរ ក្នុងវិបត្តិ នៃជំងឺកូវីដ-១៩ ក៏បានបង្ហាញ នូវកម្រិត និងបញ្ហាកង្វះខាតមួយចំនួន ដែលយើងបានប្រឈមពាក់ព័ន្ធ នឹងវិស័យសុខាភិបាលនេះ ជាពិសេសពាក់ព័ន្ធទៅ នឹងការកសាងធនធានមនុស្ស»

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា វិបត្តិជំងឺកូវីដ-១៩នេះ ឱ្យឃើញចំណុច២ ទាំងចំណុចខ្លាំង ប៉ុន្តែពេលជាមួយគ្នាក៏ឃើញនូវចំណុចខ្វះខាត ដែលដាក់ទិសដៅនៅក្នុងការពង្រឹងនៅក្នុងអាណត្តិទី ៧នេះ ។ វិធានគន្លឹះមួយក្នុងរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ គឺការពង្រឹងវិស័យសុខាភិបាល ដោយផ្អែកទៅលើមូលដ្ឋាន សំខាន់ៗមួយចំនួន ៕

To Top