ព័ត៌មានជាតិ

កម្លាំងចម្រុះ បន្តឃ្លុំដីបានជាង ៣០០០ហិកតា ក្នុងយុទ្ធនាការចុះបង្រ្កាប ទប់ស្កាត់បទល្មើស ធនធានធម្មជាតិ នៅពោធិ៍សាត់

ភ្នំពេញ ៖ ក្រសួង បរិស្ថាន បានឲ្យដឹងថា ក្រុមកម្លាំងចម្រុះ បន្តឃ្លុំដីបាន ចំនួន ៣០០០ហិកតា និងបានកំណត់ អត្តសញ្ញាណ ជនសង្ស័យ ចំនួន ៣នាក់ បន្ថែមទៀត ក្នុងយុទ្ធនាការចុះបង្រ្កាប ទប់ស្កាត់បទល្មើស ធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៩ មីនា បានលើកឡើងថា កម្លាំងចម្រុះបានសម្រេច ឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ចំនួន ៣០០០ហិកតា និងបានដកហូត ម៉ូតូ ២គ្រឿង, រណារយន្តតូច-ធំ ១៣គ្រឿង, គោយន្ត ១គ្រឿង, កាំភ្លើងកែច្នៃ៣ដើម រួមជាមួយម៉ាស៊ីន កាត់ស្មៅ ១គ្រឿង។ ក្នុងថ្ងៃដដែល កម្លាំងចម្រុះ ក៏បានរុះរើខ្ទមបណ្ដោះ អាសន្នចំនួន ៥៥ខ្ទម, បង្គោលរបង ចំនួន ១៦០៥ដើម , បន្លាលួស ១២០០ម៉ែត្រ, ដំណាំដើមដំឡូងមី និងដំណាំចម្រុះបានមួយចំនួនថែមទៀត។

សូមបញ្ជាក់ថា ប្រតិបត្តិការ នៃកម្លាំងចម្រុះ នៅខេត្តពោធិ៍សាត់ បានធ្វើឡើង យ៉ាងក្តៅគគុក តាមបញ្ជា របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ ឲ្យបានល្អប្រសើរ ។ កិច្ចប្រជុំបន្ទាន់មួយ បានរៀបចំឡើងក្រោម អធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ និងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ និងបានដាក់ចេញការអន្តរាគមន៍បន្ទាន់ ដោយបញ្ជូនកម្លាំងថ្នាក់ជាតិ សហការជាមួយបញ្ជាការកងឯកភាពខេត្ត ចុះទប់ស្កាត់កុំឲ្យមានការទន្រ្ទាន រុករាន កាន់កាប់ដីក្នុងតំបន់ធម្មជាតិ ទាន់ពេលវេលា និងថែរក្សាសម្បត្តិធម្មជាតិ សម្រាប់មនុស្សជាតិ ៕

To Top