ព័ត៌មានជាតិ

ក្រសួងការងារ ៖ កម្មករក្រុមហ៊ុនវាយ & ដាប់បែលយូ អាចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់នៅថ្ងៃទី២៣ មីនាខាងមុខនេះ

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្មករនិយោជិត នៃក្រុមហ៊ុនវាយ & ដាប់បែលយូ ហ្គាមេន(Y & W GARMENT CO., LTD.) អាចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ របស់ខ្លួន ដែលក្រុមហ៊ុនជំពាក់ នៅរសៀលម៉ោង២ ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ នៅសាលាខណ្ឌដង្កោ ដែលមានទីតាំងនៅផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃពុធ ទី២០ ខែមីនានេះ ។

ក្រសួងគូសបញ្ជាក់ថា៖ “ យោងតាមដីកាសម្រេចលេខ ១៦៦ “ថ” ដ.រ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ស្ដីពីការរឹបអូសជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិ និងសម្ភាររបស់ ក្រុមហ៊ុន វាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) មានទីតាំងស្ថិតនៅផ្លូវ ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ដោយមានការតម្កល់ប្រាក់កក់ របស់អ្នកដេញថ្លៃ តាមនីតិវិធីដេញថ្លៃទ្រព្យសម្បត្តិ និងសម្ភារ របស់ក្រុមហ៊ុន ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹង ដល់បងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន វាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា ក្រសួង នឹងចាប់ផ្តើមបើក ផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិត ចាប់ពីម៉ោង ២ រសៀល ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ តទៅ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”។

បន្ថែមពីនេះ ក្រសួង បានស្នើឱ្យកម្មករនិយោជិត យកមកជាមួយនូវឯកសារមួយចំនួនដូច១. ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និង២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន) ៕

To Top