ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំឲ្យប្តូរទម្លាប់ ពីការធ្វើការជាលក្ខណៈសាយឡូ ដោយឡែករៀងៗខ្លួន មកធ្វើការរួមគ្នា ដោយប្រកាន់ ស្មារតីសហការគ្នា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យប្តូរទម្លាប់ ពីការធ្វើការជាលក្ខណៈសាយឡូ ដោយឡែករៀងៗខ្លួន (Working in Silos) មកធ្វើការរួមគ្នា ដោយប្រកាន់ស្មារតីសហការគ្នា ក្នុងអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ជាកត្តាមិនអាចខ្វះបាន ។

នាឱកាសអញ្ជើញជាអធិបតី បើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍប្រទេស ប្រកបដោយបរិយាប័ន្ន, មានភាពធន់ និង ចីរភាព ចាំបាច់ត្រូវចូលរួម អនុវត្តនូវកត្តាសំខាន់ៗរួមមាន៖

ទី១- ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈ ជំរុញការវិនិយោគ ដោយផ្ទាល់ពីបរទេស ទៅលើវិស័យ ដែលមានបច្ចេកវិទ្យា ជាមូលដ្ឋាន ឬ តម្លៃបន្ថែមខ្ពស់ ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាដើម ។

ទី២- ជំរុញបន្ទាន់ ចំពោះការផ្ទេរបច្ចេកវិទ្យា តាមរយៈខ្សែបណ្ដោយ (រវាងសហគ្រាស និង សហគ្រាស-horizontal model)។

ទី៣- ការផ្ទេរបច្ចេកវិទ្យាអាទិភាព, ចំណេះដឹង និង ចំណេះធ្វើ, ការបណ្ដុះបណ្តាល ជំនាញឡើងវិញ (Re-skilling) និង ការលើកកម្ពស់ជំនាញ (Upskilling)។

ទី៤- ការជំរុញឱ្យមាន រំហូរអ្នកមានទេពកោសល្យ (Talent Mobility) និង ការជំរុញឌីជីថលូបនីយកម្ម ប្រកបដោយ បរិយាប័ន្ន។

ទី៥- ការរៀបចំបរិស្ថានល្អ ដើម្បីរក្សា និងទាក់ទាញអ្នកដែលមានទេពកោសល្យ (Talent Grant)។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ដូច្នេះដើម្បីជំរុញឱ្យការចូលរួម អនុវត្តវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការពង្រឹង ក្រុមប្រឹក្សាភិបាលជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យកាន់តែរឹងមាំ ខ្ញុំផ្តល់អនុសាសន៍ណែនាំ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ ទី១បន្តពង្រឹងអភិបាលកិច្ចលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមបទដ្ឋានគតិយុត្ត ជាធរមាន ខណៈយើងមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាភិបាលជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាស្ថាប័នមានសមត្ថកិច្ចគតិយុត្តលើវិស័យនេះ» ។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា «ដូច្នេះ ខ្ញុំ សូមដាក់ចេញនូវការណែនាំ ប្តូរទម្លាប់ពីការធ្វើការជាលក្ខណៈសាយឡូដោយឡែករៀងៗខ្លួន (Working in Silos) មកធ្វើការរួមគ្នា ដោយប្រកាន់ស្មារតីសហការគ្នា ក្នុងអភិក្រម ជីវភាព នៃប្រព័ន្ធតួអង្គតែមួយ ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រព័ន្ធ នវានុវត្តន៍ជាតិមួយ ប្រកបដោយការប្រកួតប្រជែងក្នុងតំបន់ និងសកល»៕

To Top