ព័ត៌មានជាតិ

បទវិភាគ ៖ ប្រឈមមុខនឹង “មន្ទិលសង្ស័យ ចំពោះក្រុមហ៊ុនប៊ូអីង” អាមេរិកជំពាក់ការ បកស្រាយដ៏សមហេតុផល ដល់ពិភពលោក

“បើខ្ញុំមានបញ្ហាអី ខ្ញុំច្បាស់ជាមិនមែនធ្វើអត្តឃាតទេ ។” ប៉ុន្មានថ្ងៃមុននេះ ប្រព័ន្ធសារព័ត៌មានអាមេរិក បានទម្លាយពីកិច្ចសន្ទនា រវាងលោក John Barnett បុគ្គលិកចូលនិវត្តន៍ របស់ក្រុមហ៊ុនប៊ូអីង ជាមួយមិត្តភក្ដិរបស់លោក ដែលធ្វើឱ្យមន្ទិលសង្ស័យ ចំពោះក្រុមហ៊ុនប៊ូអីង កាន់តែខ្លាំងឡើង ។

សូមបញ្ជាក់ថា លោក John Barnett ដែលមានអាយុ៦២ឆ្នាំ ធ្លាប់បំពេញការងារនៅក្រុមហ៊ុន ប៊ូអីងអស់រយៈពេលជាង៣០ឆ្នាំ ហើយកាន់មុខតំណែង ជានាយកទទួលបន្ទុកគ្រប់គ្រង់គុណភាពក្នុងរយៈពេលយូរ ។ លោកបានទម្លាយពីបញ្ហាផលិតយន្តហោះដឹកអ្នកដំណើរនិងភាពវឹកវរផ្ទៃក្នុងក្រុមហ៊ុន ដូច្នេះត្រូវគេហៅថាជា “អ្នកផ្លុំកញ្ចែ” របស់ក្រុមហ៊ុនប៊ូអីង ។ ថ្ងៃទី៩ ខែមីនា តាមម៉ោងក្នុងតំបន់ លោកត្រូវបានឃើញថា បានស្លាប់ក្នុងឡានដឹកទំនិញ មួយគ្រឿង ប៉ូលីសអាមេរិកបានវិនិច្ឆ័យថា “លោកបានធ្វើអត្តឃាតបាញ់ សម្លាប់ខ្លួនឯង ” ។ ប៉ុន្តែនៅថ្ងៃដដែលនោះ លោកត្រូវតែធ្វើសវនាការ អំពីសំណុំរឿងពាក់ព័ន្ធ នឹងក្រុមហ៊ុនប៊ូអីង ។

កាស្លាប់របស់លោក John Barnett គ្រាន់តែជាមួយជ្រុងតូចរបស់ “វិបតិ្តទំនុកចិត្ត”ចំពោះក្រុមហ៊ុនប៊ូអីង នាពេលថ្មីៗកន្លងទៅនេះតែប៉ុណ្ណោះ ។ តាំងពីចូលឆ្នាំនេះ មក ក្រុមហ៊ុនប៊ូអីងបានកើតមានបញ្ហាសុវត្ថិភាព មួយចំនួនជាបន្តបន្ទាប់ ។ តាមស្ថិតិ របស់ប្រព័ន្ធសារព័ត៌មាន Fox របស់អាមេរិក បានឱ្យដឹងថា ត្រឹមតែក្នុងរយៈពេលពីខែមករាដល់ខែកុម្ភៈ យន្តហោះរបស់ក្រុមហ៊ុនប៊ូអីង ក៏បានកើតមានហេតុការណ៍ចំនួន៦លើក រហូតដល់ក្នុងអំឡុង ពេលបំពេញទស្សនកិច្ច លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏ត្រូវតែផ្លាស់យន្តហោះ ដោយបង្ខំដោយសារ យន្តហោះមានបញ្ហា ។
ជាងនេះទៅទៀត ពេលឈានចូលខែមីនា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនប៊ូអីង ក៏តែងតែងកើតមានបញ្ហាមួយចំនួន ដូចជារបូតកង់នៅពេល ហោះឡើង ក្បាលម៉ាស៊ីនផ្ទុះភ្លើងនៅលើអាកាស និងកង្វះខាត នៃផ្នែកខាងក្រៅ របស់តួយន្តហោះជាដើម ។

ក្នុងនាមជាម៉ាកឈានមុខនៃ “ផលិតកម្មអាមេរិក” ក្រុមហ៊ុនប៊ូអីង មានប្រវិត្តសាស្ត្រជាង១រយឆ្នាំហើយ ។ ដោយសារមុខងារសុវត្ថិភាព និងកម្លាំងជាក់ស្តែងខាង វិស្វកម្ម ក្រុមហ៊ុននេះត្រូវគេចាត់ទុកថា ជា “មោទនភាពរបស់អាមេរិក” ។ ប៉ុន្តែ ខណៈពេលប្រទេសដទៃទៀត លើកកម្ពស់កម្រិតផលិតកម្ម តាមរយៈការរៀនសូត្រ តាមបទពិសោធរបស់ក្រុមហ៊ុនប៊ូអីង សេដ្ឋកិច្ចអាមេរិកបែរជា “ក្លាយពីភាពប្រាកដប្រជាទៅជា ភាពអាប់អួរ ” ហើយបានភ្លេច វប្បធម៌ធ្វើការសម្រិតសម្រាំង របស់វិស្វករទាំងស្រុងរួចហើយ ។ អ្នកវិភាគ បានសម្គាល់ឃើញថា បញ្ហាវឹកវររបស់ក្រុមហ៊ុនប៊ូអីង ក្នុងដំណើរផលិតមានរយៈពេលយូរហើយ មូលហេតុសំខាន់ គឺក្រុមហ៊ុននេះ យកចិត្តទុកដាក់តែមូលបត្រ មើលស្រាលគុណភាព ថ្នាក់ដឹកនាំ តែងតែផ្លាស់ប្តូរ និងខ្វះយន្តការដេញដោល រកទំនួលខុសត្រូវជាដើម ។

មុននឹងទទួលមរណភាព លោក John Barnett ធ្លាប់ទម្លាយថា ដើម្បីពន្លឿនការងារ ក្រុមហ៊ុនប៊ូអីងមិនសូវផ្ដោតលើគុណភាពទេ រហូតដល់មានបុគ្គលិក ខ្លះទាញយកគ្រឿងបន្លាស់ពីធុងសំណល់អេតចាយសម្រាប់ដំឡើងឡើងវិញ ។ នៅផ្ទៃក្នុងក្រុមហ៊ុន បានលេចចេញ “វប្បធម៌លាក់បាំង”ម្យ៉ាង ផ្តោតសំខាន់ប្រាក់ចំណេញជាងសុវត្ថិភាពទៅទៀត ដូច្នេះ សោកនាដកម្មបានកើតឡើងដោយចៀសវាងមិនបាន ។ ការខ្វះខាតការត្រួតពិនិត្យ ពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់អាមេរិក ជាកត្តាស្រទាប់ជ្រៅដែលបណ្តាល ឱ្យក្រុមហ៊ុនប៊ូអីងកើតមាន គ្រោះថ្នាក់ក្នុងហោះហើរ ។

និយាយចំពោះ ក្រុមហ៊ុនប៊ូអីង ក្នុង “វិបតិ្តទំនុកចិត្ត” លើកនេះ មិនត្រឹមតែធ្វើ ឱ្យយន្តហោះខូចឈ្មោះប៉ុណ្ណោះទេ ជាងនេះទៅទៀត ក៏ធ្វើឱ្យក្រុមហ៊ុននេះខូចឈ្មោះទៀតផង ។ របាយការណ៍ហិរញ្ញវត្ថុនាពេលថ្មីៗ កន្លងទៅនេះបានបង្ហាញថា គិតរហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣ ក្រុមហ៊ុនប៊ូអីងបានជំពាក់ប្រាក់ សរុបចំនួន១៥១ពាន់លានដុលារអាមេរិក មានទ្រព្យសម្បតិ្តសរុបចំនួន១៣៤៣០០ លានដុល្លារអាមេរិក ពោលគឺទ្រព្យ សម្បតិ្តតិច ជាងប្រាក់បំណុល ។ ក្នុងនាមជាក្រុមហ៊ុននាំចេញធំ ជាងគេរបស់អាមេរិក បច្ចុប្បភាព របស់ក្រុមហ៊ុនប៊ូអីង ជាលទ្ធផល នៃការខ្វះខាតគ្រប់ គ្រងផង ហើយក៏ជាគំរូ នៃការថមថយចុះរបស់ឧស្សាហកម្មផលិតរបស់អាមេរិកទាំងមូលផងដែរ ។

សុវត្ថិភាពហោះហើរមិនមែនជារឿងតូចតាចទេ នេះបានពាក់ព័ន្ធដល់សុវត្ថិភាពរបស់ប្រជាជន នៅលើពិភពលោកទាំងមូល ។ ប្រឈមមុខនឹង “មន្ទិលសង្ស័យចំពោះក្រុមហ៊ុនប៊ូអីង” បណ្តាភាគីពាក់ព័ន្ធ របស់អាមេរិកមិនត្រូវគេចវេះពីបញ្ហា និងច្រានចោលទំនួលខុសត្រូវឡើយ ត្រូវឆ្លើយតបយ៉ាងប្រាកដ ប្រជា ចំពោះការយកចិត្តទុកដាក់ របស់បណ្តាភាគីនានា ហើយត្រូវផ្តល់ការបកស្រាយ ដ៏សមហេតុផលដល់ពិភពលោក ៕

To Top