ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ បង្កើតក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លង សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។ សេចក្ដីព្រាងអនុក្រឹត្យនេះ មាន៨ជំពូក និង ១៩មាត្រា។

ថ្លែងបើកកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលយកចិត្តទុកដាក់បំពេញកិច្ចការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផល គួរជាទីមោទកជាបន្តបន្ទាប់ ទាំងក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាជាតិ ក៏ដូចជាការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។

លោកឧបនាយករដ្ឋមន្ដ្រី សង្ឃឹមថា ក្រោមការប្តេជ្ញាចិត្តដ៏មោះមុតក្នុងស្មារតីតែមួយ ថ្នាក់ដឹកនាំ មន្ត្រី កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងកាន់តែមានវឌ្ឍនភាព ទាំងផ្នែកធនធានកីឡាករកីឡាការិនី និងហេដ្ឋរចនាសម្ព័ន្ធបម្រើឲ្យវិស័យកីឡា ការហ្វឹកហាត់ និងការប្រកួតក្នុងកម្រិតជាតិនិងអន្តរជាតិ ។

យោងតាមសេចក្ដីរាយការណ៍ និងសេចក្ដីថ្លែងហេតុ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើត ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបានរៀបចំឡើង ក្រោមគំនិតផ្ដួចផ្ដើម របស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក៏ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលវិស័យកីឡា ស្ថិតនៅក្នុងជ្រុងទី១ ការអភិវឌ្ឍមូលធនមនុស្ស។

ការកែសម្រួលរចនាសម្ព័ន្ធក្នុងអនុក្រឹត្យនេះ ពុំមានការប៉ះពាល់ដល់ ទំហំរចនាសម្ព័ន្ធ ឬបង្កើនថវិកាចំណាយក្រសួងនោះឡើយ និងក៏ពុំជាន់ភារកិច្ចនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃដែរ ផ្ទុយទៅវិញធ្វើឲ្យកាន់តែប្រសើរឡើង នូវរចនាសម្ព័ន្ធដឹកនាំ ស្របតាមគោលនយោបាយ ក្រសួងអប់រំ និងគោលការណ៍គណៈកម្មាធិការជាតិអូឡាំពិក ៕

To Top