ព័ត៌មានជាតិ

ចិត្តល្អ ឲ្យដីមិត្តភ័ក្រខ្ចី ប៉ះចំមិត្តអន្យតិរ្ថិយ បញ្ចាំដោះទ័ល ចុងក្រោយ ឈឺចាប់ធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់ 

ភ្នំពេញ៖ បុរសម្នាក់បានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ក៏ព្រោះតែទឹកចិត្តល្អពេករាប់អានចំមិត្តភ័ក្រអន្យតិរ្ថិយ សុខចិត្តឲ្យដីរបស់ខ្លួនជិត៤ហិកតា យកទៅដាក់បញ្ចាំដើម្បីដោះទ័លតែទីបំផុត ត្រូវបានមិត្តភ័ក្រចិត្តជាទេវត្ត ឃុបឃិតគ្នាលួចធ្វើប្លង់រឹង ចុងក្រោយបានត្រឹមបង្ហោះសារពីលើគ្រេ ក្នុងមន្ទីរពេទ្យមុនស្លាប់ សុំកិច្ចអន្តរាគមន៍ឲ្យថ្នាក់ដឹកនាំជួយស្វែងរកភាពយុត្តិធម៌ឲ្យ។

បើតាមប្រភពព័ត៌មានពីអ្នកស្និទនិងគ្រួសារជនរងគ្រោះបានឲ្យដឹងថា លោក សូ បិនឡា បានឈឺចាប់ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ក្រោយពីបានជួយយកអាសារមិត្តភ័ក្រឈ្មោះ ជា ឡង់ឌី យកដីជិត៤ហិកតា ទៅដាក់បញ្ចាំដើម្បីជួយដោះស្រាយការលំបាក តែចុងបញ្ចប់បុគ្គលនេះ បានឃុបឃិតគ្នាជាមួយឈ្មោះ កើត ខេង លួចធ្វើប្លង់រឹង លេបយកដីទំហំ៣៧.៦១៧,៤៤ម៉ែត្រការ៉េ ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ លោក សូ បិនឡា មុននិងស្លាប់កំឡុងឆ្នាំ២០២៣នេះ បានបង្ហោះសារពីលើគ្រេនៅពេលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យ ដោយមានខ្លឹមសារថា “សូមច្បាប់ជួយរកយុត្តិធម៌ អោយខ្ញុំផង ជាឡង់ឌី បានខ្ចីដីយកទៅបញ្ចាំជាមួយ កើត ខេង ស្រាប់តែឃុបឃិត យកទៅធ្វើប្លង់រឹង ជាកម្មសិទ្ធិផ្ទាល់ខ្លួន” ។

ប្រភពដដែលបានបន្តទៀតថា លោក សូ បិនឡា និងលោក ជា ឡង់ឌី គឺជាមិត្តភ័ក្រជិតស្និតនិងគ្នា នៅអំឡុងឆ្នាំ២០១៥ ដោយមានការខ្វះខាត សូ បិនឡា បានឲ្យ ជា ឡង់ឌី ជួយរកកន្លែងបញ្ចាំដី ហើយក៏ណែនាំឲ្យឈ្មោះ កើត ខេង ដែលជាមិត្តភ័ក្រ និងជា ឡង់ឌី ដោយបញ្ចាំក្នុងតម្លៃ៥០០០ដុល្លារ ពេលនោះ ជា ឡង់ឌី បានពឹងឲ្យ សូ បិនឡា យកបន្ថែមចំនួន២០០០០ដុល្លារ ដើម្បីយកទៅរកស៊ី ហើយខ្លួនធានាជាអ្ននបង់ការប្រាក់ ទើប សូ បិនឡា សម្រេចបញ្ចាំដីនោះក្នុងតម្លៃ២៥០០០ដុល្លារ។ ក្រោយមក ជា ឡងឌី បានអាក់ខានក្នុងការបង់ការប្រាក់រយៈពេលជិត១ឆ្នាំ បូកទាំងដើមទាំងការ ប្រាក់កម្ចីឡើងប្រហែល ៣៤០០០ដុល្លារ ហើយ ជា ឡង់ឌី ក៏បានពឹងពាក់ សូ បិនឡា ម្តងទៀត ឲ្យជួយខ្ចីប្រាក់បន្ថែមដើម្បីបើកហាង ម្លប់ស្លឹកចាក ដោយទុកចិត្តនិងជឿជាក់មិត្តភ័ក្រ គាត់ក៏បានផ្តិតមេដៃខ្ចីប្រាក់បន្ថែម ប៉ុន្តែមិនដឹងថា ជា ឡង់ដី យកចំនួនប៉ុន្មាន។

បន្ទាប់មក ជា ឡង់ឌី និង កើត ខេង បានឃុបឃិតគ្នារៀបចំគម្រោងដើម្បីយកដីរបស់ សូ បិនឡា ដោយ ជា ឡង់ឌី បានមកប្រាប់ គាត់ថា ការខ្ចីប្រាក់នេះ គេតម្រូវឲ្យធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់បណ្តោះអាសន្នសិន ដើម្បីឲ្យមានទំនុកចិត្តគ្នាទៅវិញទៅមក គាត់ក៏បានផ្ទេរសិទ្ធិកាន់កាបដីបណ្តោះអាសន្នទៅឲ្យឈ្មោះ កើត ខេង ក្រោយមកនៅខែមិថុនា ឆ្នាំ២០១៩ ទើបទទួលដំណឹងថាពីមេភូមិស្រែអំពិលថា ដីរបស់គាត់ត្រូវបាន ឈ្មោះ ជា ឡង់ឌី និង កើត ខេង បានលួចធ្វើវិញ្ញាបត្រសម្គាល់អចលនវត្ថុ (ប្លង់រឹង)រួចទៅហើយ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោក សូ បិនឡា ក៏បានទៅដាក់ពាក្យបណ្តឹងនៅស្ថាប័ន មានសមត្ថកិច្ចដើម្បីសុំកិច្ចអន្តរគមន៍ស្វែងរកយកយុត្តិធម៌ ដោយផ្អែកតាមលទ្ធផលស្រាវជ្រាវរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានសន្និដ្ឋាន ឈ្មោះ កើត ខេង និង ជា ឡង់ឌី មានតម្រុយប្រព្រឹត្តបទល្មើសរំលោភលើទំនុកចិត្ត និងលួចលក់អចលនទ្រព្យអ្នកដទៃប្រាកដមែន ស្រាប់តែក្រោយមកស្រាប់តែលោក សូ បិនឡា បែរជាត្រូវបុគ្គលទាំងពីរប្តឹងវិញ ពីបទបរិហាកេរ្តិ៍ ហើយក៏មានដីការចាប់ខ្លួន ដោយពួកគេអះអាងថា ដីជិត៤ហិកតានេះ លោក សូ បិនឡា បានលក់មកឲ្យពួកគេ ប៉ុន្តែអ្វីដែលមានការងឿងឆ្ងល់នោះគឺថា ដីដែលមានតម្លៃរាប់សិនម៉ឺនដុល្លារ អំឡុងពេលនោះ ឯកសារទិញលក់ បែរជាសរសេរដោយដៃ ពុំមានដាក់តម្លៃ គឺមានតែស្នាមមេដៃប៉ុណ្ណោះ ។

ចំពោះករណីនេះ យើងនៅមិនទាន់អាចសុំការទំនាក់ទំនងបំភ្លឹពីខាងភាគីលោក កើត ខេង និងជា ឡងឌី បាននៅឡើយទេ ៕

To Top