ព័ត៌មានជាតិ

កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបតិ្តការ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ច​​ របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសឡាវ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានប្តេជ្ញារួមគ្នា បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ។

ការប្តេជ្ញារួមគ្នានេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ ។

ក្នុងជំនួបនេះ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន បានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាឱកាសនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ កាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ​ ចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណ ចំពោះនាយករដ្ឋមន្ត្រីឡាវ ដែលបានទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី និងគណ:ប្រតិភូ នាឱកាសនេះ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្ដេចនាពេលនេះ មានគោលដៅពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឈលើមូលដ្ឋាននៃភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

ក្នុងនោះដែរ សមភាគីទាំងពីរ បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់លើលទ្ធផល នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិតនាពេលកន្លងមក និងបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ ការតភ្ជាប់ ថាមពល ដឹកជញ្ជូន និងកិច្ចការព្រំដែន ជាដើម។

ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សមភាគីទាំងពីរ បានពិភាក្សាគ្នាពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការរួម សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ការដាក់ឱ្យដំណើរការឡើងវិញ នូវគណៈកម្មាធិការពាណិជ្ជកម្មចំរុះ JTC ដោយមានវេទិកាធុរកិច្ច និងវិនិយោគ និងការពង្រីកសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការផ្លាស់ប្ដូរពាណិជ្ជកម្ម ដូចជា៖ សេវាហិរញ្ញវត្ថុ ការដឹកទំនិញផ្លូវគោក និងទេសចរណ៍ ដោយកម្ពុជា-ឡាវ នឹងជំរុញបង្កើនការហោះហើរត្រង់ កម្ពុជា-ឡាវ សំដៅរួមចំណែកដល់កំណើនទេសចរណ៍ និងការពង្រីកពាណិជ្ជកម្ម។

សមភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពី ការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការផ្លាស់ប្ដូរទស្សនកិច្ច រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ លើការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស និងគ្រឿងញៀន។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារ កិច្ចសហប្រតិបត្តិការចំនួន ៧ រួមមាន៖ ១- ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័ន លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ ២- កំណត់ហេតុស្តីពី ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័ន លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ ៣- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ស្តីពីកិច្ចសហប្រតិបត្តិការ វិស័យថាមពលថ្មី ៤- អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រុមហ៊ុន PHONGSUBTHAVY GROUP SOLE CO., LTD ៥- អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុមហ៊ុនចម្រុះ XAYSANA Group, WIS និង SISAN INTERNATIONAL JOINT DEVELOPMENT SOLE., LTD ៦- អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយអគ្គីសនីឡាវ EDL អំពីការទិញថាមពលបៃតង និង ៧- អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុម ហ៊ុន PSG CORPORATION PUBLIC COMPANY LIMITED៕

To Top