ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមវេទិកា បូអាវប្រចាំឆ្នាំ នៅប្រទេសចិន

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកា បូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន ប្រទេសចិន។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី២៥ មីនា បាន​ឱ្យ​ដឹង​ថា អញ្ជើញអមដំណើរ សម្តេចតេជោ រួមមាន លោក ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។

សម្តេចតេជោ នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទ ក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះនឹងមានការចូលរួមពី ថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បី ពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ស្របពេលអញ្ជើញចូលរួមវេទិកាខាងលើ សម្តេចតេជោ នឹងមានជំនួបជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់ចិន រួមមាន លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជន ចិន និង នាយឧត្តមសេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជា អនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្ស និង លោក ហ្វឹង ហ្វី លេខាធិការនៃគណៈ កម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។

ជាមួយគ្នានេះ សម្តេចតេជោ ក៏នឹងអញ្ជើញបំពេញ ទស្សនកិច្ចនៅបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យា៕

To Top