ព័ត៌មានជាតិ

ក្មេងទំនើង៧២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងសប្ដាហ៍កន្លងទៅ

ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅនេះ ក្នុងចន្លោះថ្ងៃទី១៨-២៤ មានក្មេងទំនើងសរុបចំនួន៧២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងករណីផ្សេងៗគ្នាចំនួន២៥ករណី។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ករណីក្មេងទំនើងសប្ដាហ៍ចុងក្រោយនេះ មានប្រហាក់ប្រហែលគ្នា នឹងសប្ដាហ៍មុនដែរ ។ បើតាមលោក ទូច សុឃៈ សម្រាប់សប្ដាហ៍ចុងក្រោយ ករណីក្មេងទំនើងភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញ បន្ទាប់មកមាននៅខេត្តកណ្ដាល ពោធិ៍សាត់ ត្បូងឃ្មុំ និងខេត្តកំពង់ចាម ។

ចំពោះរូបភាពនៃការអនុវត្តលើក្រុមក្មេងទំនើងដែលប្រព្រឹត្តិសកម្មភាពអវិជ្ជមានក្នុងសង្គម មានពីរប្រភេទ គឺវិធានការរដ្ឋបាល ជាការអប់រំណែនាំ និង ធ្វើកិច្ចសន្យាបញ្ឈប់ទង្វើ ។ វិធានការមួយទៀត គឺវិធានការច្បាប់ មានន័យថា ត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចោទប្រកាន់ និងផ្ដន្ទាទោសតាមច្បាប់កំណត់។

ពាក្យ«ក្មេងទំនើង»ត្រូវបានប្រើប្រាស់ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ការដោះស្រាយបញ្ហា ក្មេងទំនើងនៅក្នុងសង្គម ស្ថិតក្នុងកញ្ចប់ការងារ អាទិភាពទាំង៦ របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានណែនាំក្រសួង មហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត និង អាជ្ញាធរមូលដ្ឋាន បង្កើន ការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាក្មេង ទំនើងនេះឲ្យមានប្រសិទ្ធភាព ខ្ពស់ផងដែរ៕

To Top