ព័ត៌មានជាតិ

សម្តេចតេជោ ស្នើកម្ពុជា-កូរ៉េ យកចិត្តទុកដាក់ ដល់វិស័យសំខាន់ៗចំនួន ៥

ភ្នំពេញ ៖ សម្ដេចតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យភាគីកម្ពុជា-កូរ៉េ យកចិត្តទុកដាក់ ដល់វិស័យសំខាន់ៗចំនួន ៥ ។

ក្នុងឱកាសអនុញ្ញាតឲ្យ លោកបណ្ឌិត ចាង ដេវ៉ាន (Chang Dae-whan) ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) ចូលជួបពិភាក្សាការងារ នៅវិមាន៧មករា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចតេជោសង្ឃឹមថា ដំណើរទស្សនកិច្ច របស់ប្រតិភូក្រុមហ៊ុនមេកខ្យង (Maekjung Group)នៅកម្ពុជា នឹងរួមចំណែកក្នុងការស្វែងយល់អំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីជាឱកាស ដល់ការវិនិយោគនៅកម្ពុជា។

ក្នុងជំនួបនេះ សម្តេចតេជោ បានជម្រាបគណៈប្រតិភូក្រុមហ៊ុន មេកខ្យង អំពីប្រវត្តិទំនាក់ទំនងការទូតរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េដែលសម្តេចតេជោ ជាស្ថាបនិក និងបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦។

សម្តេចបានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងការទូតនេះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ប្រជាជនកម្ពុជា តាមរយៈក្រុមហ៊ុនកូរ៉េ ជាច្រើនបានមកវិនិយោគ នៅកម្ពុជា ជំនួយអភិវឌ្ឍន៍ ការកសាង ហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សុខាភិបាល ជាពិសេសកូរ៉េខាងត្បូងបានទទួលយក ពលករកម្ពុជា ជាច្រើនម៉ឺននាក់ទៅធ្វើការនៅកូរ៉េ ។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ បានស្នើដល់ភាគីទាំងពីរយកចិត្តទុកដាក់ ដល់វិស័យសំខាន់ៗចំនួន ៥ គឺ៖១. ពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ ឲ្យកាន់តែរីកចម្រើនថែមទៀត, ២. ជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ ឲ្យកាន់តែរីកចម្រើនរឹងមាំ, ៣. ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ ឲ្យកាន់តែមានប្រសិទ្ធភាព, ៤. ជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP), ៥. ជំរុញកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ជាមួយគ្នានោះ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនប៊ូយ៉ុង នៅកម្ពុជា ដែលបានជួយដល់វិស័យសុខាភិបាល ព័ត៌មានវិទ្យា និងការផ្តល់រថយន្តក្រុងជាច្រើនគ្រឿង ដល់សាលារាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះលោក ចាង ដេ វ៉ាន បានគោរពអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ទៅចូលរួមវេទិកា Forld Knowledge Forum ដែលនឹងរៀបចំឡើង នៅប្រទេសកូរ៉េខាងត្បូង នាពេលខាងមុខ។ សម្តេចតេជោ ក៏បានទទួលយកការអញ្ជើញនេះ ៕

To Top