ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវជាង ២៧ គីឡូម៉ែត្រ ក្នុងឃុំរាយប៉ាយ និងឃុំព្រែកកុយ ស្រុកកងមាស

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំក្រុមការងារ មន្ត្រីអង្គភាពពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព ការសាងសង់ ផ្លូវ ប្រវែងជាង ២៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំរាយប៉ាយ និងឃុំព្រែកកុយ ស្រុកកងមាស និងការដ្ឋានសាងសង់ស្ពានព្រែកជីក ជាកន្លែងប្រវត្តិសាស្ត្របក្សីចាំក្រុង និងពិនិត្យមើលស្ថានភាពច្រាំងបាក់ ស្ថិតនៅក្នុងឃុំព្រែកកុយ ហ្នឹងបានដោះស្រាយបញ្ហាប្រឈមមួយចំនួន ជូនប្រជាពលរដ្ឋផងដែរ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ការស្ថាបនាផ្លូវបរតុង និងផ្លូវក្រាលកៅស៊ូ ដែលមានប្រវែងជាង ២៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំរាយប៉ាយ និងឃុំព្រែកកុយ និងការសាងសង់ស្ពានព្រែកជីក កន្លែងប្រវត្តិសាស្ត្របក្សីចាំក្រុង នៃស្រុកកងមាស បច្ចុប្បន្នសាងសង់បាន ៩០ ភាគរយ ហើយ ។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ទីកន្លែងច្រាំងបាក់ក្នុងឃុំព្រែកកុយ មានប្រវែងប្រមាណជា ១៧០ ម៉ែត្រ ដែលរងការខូចខាតដល់ផ្លូវទាំងស្រុងតែម្ដង។ ហើយច្រាំងបាក់នោះ ក្រុមការងារខេត្ត នឹងធ្វើសំណើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចាត់អ្នកជំនាញបច្ចេកទេស មកសិក្សា និងពិនិត្យលទ្ធភាព ដើម្បីជួសជុលឡើងវិញ ជូនដល់ប្រជាពលរដ្ឋ ។

ចំពោះ ផ្លូវនៅកន្លែងបាក់ច្រាំងដែលខូច ជាដំណោះស្រាយ ក្រុមការងារខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចឯកភាពធ្វើផ្លូវវាងប្រវែង ២,៣០០ម៉ែត្រ ជាប្រភេទផ្លូវបេតុង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ បញ្ជៀសពីកន្លែងបាក់ស្រុតច្រាំងនោះ ។

ជាមួយនឹងការចុះបំពេញការងារនោះ លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្រុមការងារបានចុះពិនិត្យអំពីស្ថានភាពទឹក ស្ថិតនៅចំណុចស្ទឹងឆ្វេង ក្នុងឃុំច្បារអំពៅ ស្រុកបាធាយ នឹងបានសម្រេចបើកទ្វារទឹក ទម្លាក់ទឹកឲ្យប្រជាកសិករនៅខាងស្រុកកងមាស បានទឹកប្រើប្រាស់ ក្នុងការងារបង្ករបង្កើនផលស្រូវ ការដាំដុះលើកទី ៣ សម្រាប់រដូវប្រាំងនេះផងដែរ ៕

To Top