ព័ត៌មានជាតិ

កម្ពុជា និងអ៊ីស្រាអែល បន្តជួបពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ ដើម្បីផ្តល់ឱកាសថ្មីបន្ថែម ដល់ពលរដ្ឋ ក្នុងការពង្រីកសមត្ថភាពជំនាញ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារ ជាមួយនឹងលោក Eli Eliyahu Sneh អគ្គទីប្រឹក្សា នៃស្ថានទូតអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជំនួបនេះ បានផ្តោត លើការបន្តកិច្ចពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ រវាងកម្ពុជា និងអ៊ីស្រាអែល ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីវឌ្ឍនភាព នៃកិច្ចពិភាក្សា ដែលក្រុមការងារបច្ចេកទេស នៃភាគីទាំងពីរ បានសម្រេចកន្លងមក ដើម្បីឈានដល់កិច្ចសហប្រតិបត្តិការមួយ ដែលនឹងផ្តល់ប្រយោជន៍ ទៅកាន់ប្រជាជាតិទាំងពីរ តាមរយៈការពង្រឹងសមត្ថភាព ជំនាញបច្ចេកទេស ពង្រីកសមត្ថភាពបទពិសោធន៍ ការងារនៅទីតាំងជាក់ស្តែង ក៏ដូចជាការបង្កើនកម្រិតជីវភាព។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ ពីគោលជំហរ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ លើវិស័យការងារ ដែលមានក្រសួងជាសេនាធិការ ក្នុងការបន្តជំរុញកំណែ ទម្រង់មុតស្រួច ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានផលភាគកាន់តែច្រើនបន្ថែមទៀត ប្រកបដោយតម្លាភាព ដែលហូរចេញពីកិច្ចសហការនេះ។

ត្រង់ចំណុចនេះ លោក Eli Eliyahu Sneh អគ្គទីប្រឹក្សា នៃស្ថានទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃ ក៏បានឯកភាពដែរថា មានតែការខិតខំប្រឹងប្រែង ឱ្យកិច្ចសហការនេះ ជោគជ័យនិងរលូននោះទេ ទើបអាចឱ្យពលរដ្ឋទាំងសងខាង ទទួលបានអត្ថប្រយោជន៍ ជាអតិបរមាដែលនឹងជួយពូនជ្រុំ បន្ថែមដល់កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រទេសជាមិត្ត។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបសមភាគីអំពីបទ ពិសោធន៍របស់កម្ពុជា ដែលធ្លាប់សហការជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗទៀតលើវិស័យការងារនេះ ហើយពលរដ្ឋកម្ពុជាក៏កំពុងបន្តទទួល បានផលផ្លែផ្កាទាំងលើសមត្ថភាពជំនាញ និងកម្រិតជីវភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារ បច្ចេកទេសរវាងប្រទេសទាំងពីរ បន្តពិភាក្សាលើចំណុចគោលៗបន្ថែមដើម្បីធ្វើឱ្យពលរដ្ឋកម្ពុជា និងអ៊ីស្រាអែលអាចទទួលផល ភាគជាអតិបរមាចេញកិច្ចសហការនេះ៕

To Top