ព័ត៌មានជាតិ

ក្រសួងបរិស្ថាន អំពាវនាវឲ្យ ចូលរួមថែរក្សាភាពស្អាត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្ដីអំពាវនាវ ឲ្យប្រជាពលរដ្ឋចូលរួមថែរក្សា ភាពស្អាត ដោយកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់ សំរាម សំណល់រឹងនៅទីប្រជុំជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធទៅនៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខ។

ក្នុងសេចក្ដីអំពាវនាវ របស់ក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណ អ្នកចូលរួមចំនួន ៧,២លានអង្គ/នាក់ ដែលបានស្ម័គ្រចិត្ត ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានក្លាយជាចលនា នៃភាពស្អាត និងបានធ្វើឲ្យកម្ពុជា ទទួលបានបរិស្ថានស្អាតទូទាំងប្រទេស។

ទន្ទឹមគ្នានេះ ក្រសួងបរិស្ថាន ក៏បានអំពាវនាវឲ្យទាំងអស់ បន្តចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារថែរក្សា បរិស្ថានស្អាត តាមរយៈការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាពិសេស នៅក្នុងឱកាសពិធីចូលឆ្នាំប្រពៃណី ជាតិខ្មែរខាងមុខនេះ។

ការរួមចំណែកក្នុងចលនានៃភាពស្អាត នឹងធ្វើឲ្យបរិស្ថានស្អាតគ្មានសំរាម សំណល់ប្លាស្ទិក នៅតាមទីកម្សាន្ត ទីរមណីយដ្ឋាន និងភូមិឋានរបស់ប្រជាពលរដ្ឋ ទីតាំងអាជីវកម្ម និងសេវាកម្មទាំងអស់ ដែលនឹងផ្តល់នូវភាពរីករាយ និងសុខុមាលភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ក្នុងន័យនេះ ក្រសួងបរិស្ថាន បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមក្នុងចលនាស្អាតនឹង អនុវត្តតាមសេចក្តីណែនាំ ដូចជា៖ ធ្វើការបោសសម្អាតសំរាម សំណល់រឹង តាមមុខលំនៅឋាន និងយកទៅដាក់ក្នុង ធុងសំរាមនៅតាម ទីសាធារណៈឲ្យបានត្រឹមត្រូវ, ទុកដាក់ និងវេចខ្ចប់សំរាម សំណល់រឹងឲ្យបានត្រឹមត្រូវ ហើយរង់ចាំបញ្ចេញសំណល់តាមការ ណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច, មិនត្រូវចោលសំរាម សំណល់រឹង ចូលក្នុងប្រភពទឹកនានា ឬដុតនៅតាមទីសាធារណៈឡើយ៕

To Top