ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ការទទួលខុសត្រូវរួមគា្នក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់

ភ្នំពេញ ៖ ក្នុងវេទិកាបូអាវប្រចាំអាស៊ី នៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា ការទទួលខុសត្រូវរួមគា្នក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខ ក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ មិនវិលត្រឡប់ថយក្រោយ។

នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវប្រចាំអាស៊ី នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ សម្តេចតេជោបានថ្លែងថា «ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គា្ននៅក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ មិនវិលត្រឡប់ថយ ក្រោយ និងការធានាជំរុញឲ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍអនាគត ដើម្បីវិបុលភាពរួមគ្នា»។

សម្ដេចតេជោបន្ដថា អាស៊ីបានសម្រេចនូវការអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយបានដើរតួជាក្បាលម៉ាស៊ីនដឹកនាំកំណើន ជាពិសេសក្នុងអំឡុងពេលដ៏លំបាកមួយ ដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កំរិតខ្សោយបំផុត បើប្រៀបធៀបជារួម នៅក្នុងរយៈកាល ៣ទសវត្សរ៍ចុងក្រោយ កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់អាស៊ី និងឋានៈជាមជ្ឈមណ្ឌលផលិតកម្ម និងពាណិជ្ជកម្មរបស់ពិភពលោក បានផ្តល់ឲ្យអាស៊ី នូវតួនាទីសកលដ៏សំខាន់មួយ។ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានកំណើនទាប ត្រូវប្រឈមនឹងការសើរើរចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់នាពេលថ្មីៗនេះក៏ដោយ ក៏សេដ្ឋកិច្ចអាស៊ីទាំងមូល ត្រូវបានគេរំពឹងថា នឹងអាចរួមចំណែក ៦០% ដល់កំណើន ផ.ស.ស. ជាក់ស្តែងរបស់ពិភពលោក ក្នុងឆ្នាំខាងមុខ។

សម្ដេចតេជោគូសបញ្ជាក់ថា «តំបន់របស់យើងមានភាពចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីរក្សាបាននូវសន្ទុះវិជ្ជមាន។ សកម្មភាពរបស់យើងត្រូវតែដឹកនាំដោយគោលការណ៍ពហុភាគីនិយមដែលផ្អែកលើវិធានច្បាប់ដែលបម្រើឲ្យយើងទាំងអស់គ្នា មិនមែនសម្រាប់តែក្រុមប្រទេសណាមួយនោះទេ។ យើងត្រូវតែបន្តខិតខំធ្វើសមាហរណកម្មឲ្យកាន់តែស៊ីជម្រៅ និងជំរុញការតភ្ជាប់ឲ្យកាន់តែប្រសើរ ជាជាងជំរុញការកាត់ផ្តាច់ និងការរាំងស្ទះ។ យើងត្រូវតែទទួលស្គាល់ថា គោលការណ៍ពហុភាគីនិយម គឺជាគោលការណ៍ដែលបានគាំទ្រដល់សកលភាវូបនីយកម្ម, ការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ពិភពលោកយើង មកដល់ពេលនេះ»៕

To Top