ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ស្វះស្វែងរក ឱកាសពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពជំនាញ

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានជួបពិភាក្សាការងារ ជាមួយលោក ស្យូយិ សាសាគិ (Shoji Sakaki) ប្រធានសម្ព័ន្ធជំរុញមិត្តភាពកម្ពុជា-ជប៉ុន នៃសភាខេត្តណាហ្គាណុ របស់ប្រទេសជប៉ុន ដោយពិភាក្សាផ្តោតជាសំខាន់ លើការស្វែងរកឱកាសពង្រីក ទីផ្សារការងារ និងពង្រឹងសមត្ថភាពជំនាញដល់ពលរដ្ឋកម្ពុជា។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយសារតែទំនាក់ទំនងនយោបាយរបស់កម្ពុជា និងជប៉ុនបានឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទើបបើកឱកាសឱ្យមានកិច្ចសហប្រតិបត្តិការផ្សេងៗ ក៏ដូចជាឱកាសនៃការពង្រីកទីផ្សារការងាររវាងកម្ពុជា-ជប៉ុនផងដែរ។

ជាមួយគ្នានោះ លោក ស្យូយិ សាសាគិ បានលើកឡើងថា ជប៉ុននាពេលបច្ចុប្បន្នកំពុងបើកចំហ កាន់តែធំទូលាយលើកិច្ចសហប្រតិបត្តិការ វិស័យការងារដែលបានអនុញ្ញាត ដល់ពលរដ្ឋរបស់ប្រទេស ក្នុងកិច្ចសហប្រតិបត្តិការឱ្យទទួលបានការណ្តុះបណ្តាល សមត្ថភាពជំនាញលើ បច្ចេកទេសទំនើបៗរបស់ជប៉ុន។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី ក៏បានយល់ឃើញដូចគ្នាថា ការពង្រឹងជំនាញបច្ចេកទេស របស់ប្រជាពលរដ្ឋជាកត្តាគន្លឹះសំខាន់មួយ ក្នុងកិច្ចសហការ ដែលកម្ពុជាចង់បាន។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបង្ហាញសមាណចិត្តរីករាយ និងថ្លែងអំណរគុណ ចំពោះភាគីជប៉ុន ដែលមានបំណងបណ្តុះបណ្តាលជំនាញ បច្ចេកទេសទំនើបៗដល់កម្ពុជា ដើម្បីពង្រឹងផលិតភាពការងារ ។

ចំណែកភាគីជប៉ុនវិញ ក៏បានគូសបញ្ជាក់ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានទុកចិត្ត និងបន្តកិច្ចសហការជាបន្ត បន្ទាប់ជាមួយក្រុមហ៊ុនជប៉ុន ។

ជុំវិញនៃការស្វែង រកឱកាសពង្រីកទីផ្សារការងារ និងការពង្រឹង សមត្ថភាពជំនាញរវាងកម្ពុជា-ជប៉ុន លោករដ្ឋមន្ត្រី អះអាងថាភាគីកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចសហការឱ្យដំណើរ ការដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កា៕

To Top