ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជាបានមានព្រះបន្ទូលថា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាគឺជាស្រ្តីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា គិតគូរឧត្តមប្រយោជន៍ជាតិជាធំ។
![](https://dap-news.com/wp-content/uploads/2024/04/0T6A4767-1024x683.jpg)
នេះបើយោងតាមព្រះរាជសារ របស់ព្រះមហាក្សត្រក្នុងឱកាសរដ្ឋសភា នៅព្រឹកថ្ងៃ១ មេសា បានបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ អានដោយសម្តេចឃួន សុដារី។
អង្គព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតឡើងចេញពីការ បោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួល បានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន១២០ អាសនៈ និងគណបក្សហ្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ ដោយបង្កើតបានរដ្ឋសភានីតិកាលទី៧ (២០២៣-២០២៨) ដឹកនាំដោយសម្តេច ឃួន សុដារី ជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជាដែល ទទួលបានដំណែងដ៏ឧត្តុង្គឧត្តមនេះ។
![](https://dap-news.com/wp-content/uploads/2024/04/0T6A4689-1024x683.jpg)
ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែតជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត វាងវៃ និងមោះមុត បន្តវេនពី សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាពខ្ពស់លើឆាកអន្តរជាតិ។
![](https://dap-news.com/wp-content/uploads/2024/04/0T6A4579-1024x683.jpg)
ព្រះរាជសារបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានថ្នាក់ដឹកនាំជាយុវជនវ័យក្មេង បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយសំខាន់ៗ ជាពិសេសគោលនយោបាយជាតិ ផលិតភាពសេដ្ឋកិច្ចកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។
![](https://dap-news.com/wp-content/uploads/2024/04/0A3A7458-1024x683.jpg)
ក្នុងសម័យប្រជុំរដ្ឋសភានេះ មានរបៀបវារៈ២៖ ទី១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និងទី២-របាយការណ៍លទ្ធផលការងាររដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤៕
![](https://dap-news.com/wp-content/uploads/2024/04/0A3A7478-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)