ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ជួបសំណេះសំណាល ជាមួយ មន្ត្រីរាជការ ក្រសួងអភិវឌ្ឍន៍ជនបទចូលនិវត្តន៍ ជាង២០នាក់

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការរបស់ក្រសួង ដែលបានចូលនិវត្តន៍ចំនួន២៤នាក់ ស្រី៩នាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេស អគ្គាធិការស្ដីទី ប្រធាននាយកដ្ឋាន ។

ជាកិច្ចចាប់ផ្ដើម លោក ឆាយ ប្ញទ្ធិសែន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុការ ក៏ដូចសេចក្តីនឹករលឹក និងស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះលោក លោកស្រី ក៏ដូចជាអតីតមន្ត្រីរាជការ ក្រសួងចូលនិវត្តន៍ដែលអញ្ជើញ ចូលរួមក្នុងឱកាសនោះផងដែរ។

លោករដ្ឋមន្ត្រីបនតថា ការរៀបចំកម្មវិធីសំណេះសំណាលនេះឡើង ក្នុងគោលបំណងសម្តែងនូវការដឹងគុណ កតញ្ញុតាធម៌ ដល់មន្ត្រីរាជការមុនៗ ដើម្បីជាគំរូដ៏ល្អសម្រាប់ការអនុវត្តជាប្រពៃណី នៃការបន្តវេនដល់បងប្អូនមន្ត្រីរាជការក្រោយៗទៀត ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដី មានអនុសាសន៍ផ្តាំផ្ញើបន្តទៀតថា ក្រសួងនឹងបន្តខិតខំយកចិត្តទុកដាក់ ជូនដល់មន្ត្រីរាជការដែលចូលនិវត្តន៍ ដោយមានការរៀបចំ ចងក្រងសមាគមន៍មន្ត្រីរាជការ ក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមគោលការណ៍ កសាងមូលធនមនុស្ស ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ក្រោមការដឹកនាំ ប្រកបដោយបញ្ញាញាណ របស់សម្តេចធិបតី ដែលបន្តកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រ ពីនីតិកាលបន្តបន្ទាប់ក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន ។

អនុវត្តតាមគោលការណ៍រក្សាចាស់ បង្កើនថ្មី រាជរដ្ឋាភិបាលនីតិកាលទី៧ មានឆន្ទៈយ៉ាងមោះមុតក្នុងការថែរក្សាសមិទ្ធផលដែលមានស្រាប់ ដែលកើតចេញពីការចូលរួមពលីកម្មគ្រប់បែបយ៉ាង របស់មន្ត្រីរាជការទាំងអស់រាប់ទាំង មន្ត្រីដែលបានចូលនិវត្តន៍ផងដែរ ហើយយើងនឹងខិតខំបន្តចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខថែមទៀត និងរក្សាបាននូវសុខសន្តិភាព ស្ថេរភាពសង្គម ព្រមទាំងឱកាសនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងគោលបំណងសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ពោលគឺកម្ពុជាមានមហិច្ឆតាលើកស្ទួយមោទនភាពជាតិ ឲ្យកាន់តែខ្ពស់ឡើងដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឲ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ៕

To Top