ស្ទឹងត្រែង៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា តាមរយៈចំណងសម្ព័ន្ធមេត្រីភាព រដ្ឋបាលរាជធានីភ្នំពេញ តែងតែបានចងភ្ជាប់មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខ ទុក្ខដូចភ្លៀងរលឹម ដោយបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រនិងសម្រាលការលំបាកជីវភាពរស់នៅមួយកម្រិត ។
ការលើកឡើងរបស់លោក ឃួង ស្រេង នេះក្នុងឱកាសលោក និងលោស្រី ជាស៊ីណា ឃួង ស្រេង បានដឹក នាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និង នាំយកអំណោយ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនកងទ័ពជួរមុខ នៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូច អន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកង នគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង នាថ្ងៃ១ មេសា។
ក្នុងឱកាសនេះ លោក ឃួង ស្រេង បានលើកឡើងថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ បានបង្កើតអនុស្សារណៈ ស្តីពីការចងសម្ព័ន្ធ មេត្រីជាមួយអង្គភាពជួរមុខចំនួន២ នោះគឺកងពលធំអន្តរាគមន៍លេខ៣ ក្នុងខេត្តព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានបង្កលក្ខណៈ និងតម្រង់ទិសជូនរដ្ឋបាល ខណ្ឌទាំង ១៤ មន្ទីរ-អង្គភាពជំនាញ និងវិស័យឯកជន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះអនុស្សារណៈ ចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាអង្គភាពចំណុះថ្នាក់ក្រោម ដែលកាន់តែកៀកជិតជីវភាពរស់នៅ របស់កងទ័ពចំនួន៤អង្គភាព បន្ថែមទៀត។
អភិបាលរាជធានីភ្នំពេញគូសបញ្ជាក់ថា តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ តែងតែបានចងភ្ជាប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោចណាស់ យើងបានរៀបចំព្រឹត្តិការណ៍២ ដងក្នុងមួយឆ្នាំ គឺក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាព រស់នៅ បានមួយកម្រិត ដែលនេះ គឺជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ស្របតាម អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ។
លោកបន្តទៀតថា សំរាប់ពេលនេះប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ សម្រាប់អង្គភាពនីមួយៗ ដែលរួមមាន ប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខកំប៉ុង ដែលលាងដៃ និងថវិកាកសាងមួយចំនួន ដើម្បីប្រគល់ជូនដល់បណ្តាអង្គភាព ជួរមុខនីមួយៗ ។
សូមបញ្ជាក់ថា ពិធីជួបសំណេះសំណាលនេះ បានធ្វើឡើងនៅទីបញ្ជាការ វរសេនាតូចអន្តរាគមន៍លេខ ២៨៣ កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង៕