ព័ត៌មានជាតិ

លោក ហេង សួរ ជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្សនាឱកាសពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិ

ភ្នំពេញ៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននានៅបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅដោយមានការចូលរួមជាសហអធិបតីពីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ (ខ.ភ.ម.) និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានរំលឹកពីប្រវត្តិនៃការកកើតនៃបញ្ជាការដ្ឋានអង្គរក្សកាលពីឆ្នាំ១៩៩២ និងវីរភាពរបស់បញ្ជាការដ្ឋានអង្គរក្សដែលសម្រេចបាននូវបទបញ្ជារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកស្រីបណ្ឌិត បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។

បន្ថែមពីនេះ បញ្ជាការដ្ឋានក៏បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង អង្គភាពចំណុះផ្សេងៗរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចបាននូវកិច្ចការងារដឹកនាំបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឧត្តមប្រយោជន៍ជាតិជាបន្តបន្ទាប់ទាំងក្នុងក្របខណ្ឌការពារបូរណភាពទឹកដី សន្តិភាព និងស្ថេរភាព រួមទាំងការអភិវឌ្ឍនៅកម្ពុជា។

មួយវិញទៀត លោករដ្ឋមន្ត្រី ក៏មិនភ្លេចពីការរំលឹកពីការចូលរួមរបស់បញ្ជាការដ្ឋានអង្គរក្សក្នុងការចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលធ្វើឱ្យកម្ពុជាបានរួចផុតពីការឆ្លងជំងឺរាតត្បាតនេះយ៉ាងឆាប់រហ័សផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនាយទាហានជាន់ខ្ពស់, នាយទាហាន, នាយទាហានរង, និងពល ទាហានគ្រប់រូប ដែលកំពុងតែមានវត្តមាននៅទីនេះផងដែរ៕

To Top