ព័ត៌មានជាតិ

ពលករខ្មែរមកពីថៃ សប្បាយចិត្ត ដែលរាជរដ្ឋាភិបាល សម្រួលមិនយកថ្លៃ សេវាចេញ-ចូល តាមច្រកព្រំដែន

ភ្នំពេញ ៖ ពលករខ្មែរ ដែលវិលត្រលប់ពីប្រទេសថៃ មកលេង ស្រុកកំណើត អំឡុងពេលចូលឆ្នាំខ្មែរ លើកឡើងថាខ្លួនសប្បាយចិត្ត ដែលរាជរដ្ឋាភិបាល សម្រួល មិនយកថ្លៃ សេវាបង់ប្រាក់ លើទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ។ ពលករខ្មែរអរគុណ អំពីការយកចិត្តទុកដាក់ខ្ពស់ ពីអាជ្ញាធរតាមព្រំដែនតាមរយៈផ្តល់អាហារសម្រន់ នំបុ័ង ទឹកសុទ្ធ ជាដើម។

ការលើកឡើង បែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរ ដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលវិលត្រលប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ០១ ខែ មេសា រហូតដល់ថ្ងៃទី ១៥ ខែ ឩសភា ឆ្នាំ២០២៤។

គូសបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេចមិនយកថ្លៃទិដ្ឋាការ ចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ៕

To Top