ព័ត៌មានជាតិ

អ្នកវិភាគ៖ ទស្សនៈវិជ្ជា«នយោបាយឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែផ្តោតលើ ខ្មែរនិងខ្មែរទេ ប៉ុន្តែចង់ឱ្យមហាអំណាច ចិន-អាមេរិក ឈ្នះទាំងអស់គ្នា នៅកម្ពុជា

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដាន ភូមិសាស្រ្តនយោបាយក្នុងតំបន់ បានលើកឡើងថា ទស្សនៈវិជ្ជា«នយោបាយឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែផ្តោតលើខ្មែរនិងខ្មែរទេ ប៉ុន្តែចង់ឱ្យមហាអំណាច ចិន-អាមេរិក ឈ្នះទាំងអស់គ្នា នៅកម្ពុជា ផងដែរ។

ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញវត្តមាន តំណាងនៃប្រទេសមហាអំណាចទាំងពីរ (ចិន-អាមេរិក) តាមរយៈឯកអគ្គរដ្ឋទូត គឺលោក វ៉ាង វិនធាន និងលោក ផាកទ្រីត ម៉ាហ្វី អង្គុយជិតគ្នា ក្នុងថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក«នយោបាយឈ្នះ ឈ្នះ» ចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ។

តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ លោក សយ សុភាព បានបង្ហោះនូវរូបភាពចំនួនបីសន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា អ្នកការទូតប្រទេសមហាអំណាចទាំងពីរ ចិន-អាមេរិក នៅឯកិច្ចប្រជុំប្រកាសសុពលភាព សមាជិកព្រឹទ្ធសភាដំបូង នៅឯវិមានព្រឹទ្ធសភា។

អ្នកវិភាគ បានយល់ឃើញថា តួនាទីប្រធានព្រឹទ្ធសភា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺចង់ឃើញប្រទេសចិននិងអាមេរិក ត្រូវចាត់ទុកប្រទេសកម្ពុជាជា មិត្ត មិនមែនជាកន្លែងប្រជែងភូមិសាស្ត្រនយោបាយគ្នាទេ។

អ្នកវិភាគបន្តថា ទស្សនៈវិជ្ជា«នយោបាយឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែផ្តោតលើខ្មែរនិងខ្មែរទេ ប៉ុន្តែចង់ឱ្យមហាអំណាចទាំងពីរ ឈ្នះទាំងអស់គ្នា នៅកម្ពុជា។

អ្នកវិភាគបន្តទៀតថា វត្តមានប្រធានព្រឹទ្ធសភា ដ៏មានឥទ្ធិពល របស់សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីឋាមពលនៃ នយោបាយការទូត ព្រឹទ្ធសភា ដែលនឹងដើរតួនាទីសំខាន់ ជួយរដ្ឋាភិបាលថែមទៀត ផ្នែកនយោបាយការទូត លើឆាកអន្តរជាតិ។

អ្នកវិភាគបន្ថែមថា សម្តេចតេជោ ហ៊ុន សែន នៅតែជាមេដឹកនាំកំពូលនយោបាយកម្ពុជា ដោយសារសម្តេច នៅមានតួនាទីកំពូលផ្សេងទៀតរួមមាន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និង ប្រមុខរដ្ឋស្តីទី ពេលព្រះមហាក្សត្រមិនគង់ប្រថាប់ នៅក្នុងព្រះនគរ។

អ្នកវិភាគបន្តថា កាវិលត្រឡប់មកកាន់តំណែង ប្រធានព្រឹទ្ធសភា របស់សម្តេចតេជោ ហ៊ុន សែន រឹតកាន់តែផ្តល់ទំនុកចិត្ត ដល់មិត្តភក្ត័បរទេស ពិសេសភាពកក់ក្តៅ កាន់តែខ្លាំងចំពោះរាស្ត្រខ្មែរ៕

To Top