ព័ត៌មានជាតិ

លោក ស សុខា លើកទឹកចិត្តយុវជន ចាប់យកជំនាញឲ្យច្បាស់ ហើយភ្ជាប់ជាមួយនឹងឌីជីថល

ភ្នំពេញ ៖ លោក ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស ប្រជាជនកម្ពុជា និង ជាអនុប្រធានទី១ ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានជំរុញនិងលើកទឹកឲ្យយុវជន បន្តការខិតខំរៀនសូត្រ ទាំងពីសាលារៀន សហគមន៍ សង្គមជាតិ និងពីបរិបទអន្តរជាតិ ដោយត្រូវ ចាប់យកជំនាញ ច្បាស់លាស់យ៉ាងហោច ណាស់មួយ ហើយត្រូវតែអភិវឌ្ឍន៍ជំនាញ នោះដោយភ្ជាប់នឹងសង្គមឌីជីថល។

លោក ស សុខា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីបិទ សន្និបាតបូកសរុប លទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្ត នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។

ឱកាសនោះ លោក ស សុខា គូសបញ្ជាក់ថា «ការសិក្សារៀនសូត្រ មិនមែនត្រឹមតែ ជាការខិតខំជាប្រចាំ និងគ្មាន ទីបញ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែមានគោលបំណងជាក់លាក់ ដើម្បីសម្រួចលើជំនាញដ៏ច្បាស់លាស់ក្នុងជីវិត ពីព្រោះទីផ្សារការងារ បច្ចុប្បន្ននិង ទៅអនាគតនិយាយជារួម និងដោយឡែក តម្រូវការធនធានមនុស្ស នៅតាមក្រសួង ស្ថាប័នរដ្ឋ សុទ្ធតែបានផ្ដល់តម្លៃខ្ពស់ដល់អ្នកដែលមានជំនាញច្បាស់លាស់ ប្រកបដោយគុណវឌ្ឍិ សីលធម៌ និងគុណធម៌ ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការបំពេញតួនា និងភារកិច្ច«។

ក្នុងន័យនេះ និងក៏ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាឆ្លើយតបនិន្នាការសកល លោក ស សុខា បានផ្ដល់អនុសាសន៍លើកទឹកចិត្តឲ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងយុវជនខ្មែរទូទាំងប្រទេស កុំរំលងឲ្យសោះការភ្ជាប់ជំនាញរបស់ខ្លួនទៅនឹងប្រព័ន្ធឌីជីថល ទាំងការអភិវឌ្ឍសមត្ថភាព និងការធ្វើទំនាក់ទំនង។

យ៉ាងណាក៏ដោយ លោក ស សុខា បានរម្លឹកបន្ថែមថា ក្នុងនាមជាអ្នកបន្តវេន នៃគ្រួសារ និងសង្គមជាតិ យុវជនត្រូវតែប្រកាន់ឲ្យជាប់នូវស្មារតី បន្តវេនដើម្បីការពារជាតិ ការពារទឹកដី ជំរុញការអភិវឌ្ឍ កសាងប្រទេសជាតិ ការពារឯករាជ្យ និងអធិបតេយ្យជាតិ ឲ្យឋិតថេរគង់វង្ស ពោលគឺទោះជាបំពេញការងារអ្វី ឬមានមុខរបរអ្វី និងរស់នៅទីណាក៏ដោយ ម្នាក់ៗ ត្រូវតែបំពាក់ឲ្យខ្លួន នូវឧត្តមគតិស្នេហាជាតិ និងប្រជាជន ហើយលើកកម្ពស់ជាប្រចាំ នូវឧត្តមគតិដ៏បរិសុទ្ធនេះ ៕

To Top