ព័ត៌មានជាតិ

ក្រសួងការងារ ចេញយុទ្ធនាការ គោះទ្វារតាមខ្នងផ្ទះ ផ្សព្វផ្សាយ ពីកម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃវគ្គទី២

ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តយុទ្ធនាការ ផ្សព្វផ្សាយ អំពីកម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេស និង វិជ្ជាជីវៈវគ្គទីពីរទៅដល់យុវជន ក្រុមគោលដៅតាមសហគមន៍ ដើម្បីផ្តល់ព័ត៌មានអំពីការ សិក្សាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមប្រចាំខែ ។ យុទ្ធនាការផ្សព្វផ្សាយនេះ បានចាប់ផ្តើមតាំងពីដើមខែមីនា ឆ្នាំ២០២៤ដើម្បីបន្តជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យ បានចូលសិក្សានៅវគ្គទី២ ខណៈដែលវគ្គទី១នឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤ខាងមុខ ។

ចាប់តាំងពីកម្មវិធី បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ១,៥ លាននាក់ ត្រូវបានបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមបាននិងកំពុងសិក្សាជំនាញវិជ្ជាជីវៈវគ្គទី១បានជាង៣ខែដោយរលូនលើវិស័យចំនួន១០ និង៣៨មុខជំនាញ ព្រមទាំងបាន និងកំពុងចុះកម្មសិក្សា តាមរោងចក្រ សហគ្រាសដើម្បីអនុវត្តការងារ ជាក់ស្តែងបន្ថែមលើ មេរៀនដែលបានសិក្សា។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យអនុវត្ត កម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យចំនួន១.៥លាននាក់ ដើម្បីផ្តល់ជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនកម្ពុជា ឱ្យមានការងារសមរម្យ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យ កាន់តែប្រសើរបន្ថែមទៀត។ យន្តការនេះ ក៏ជាយុទ្ធសាស្ត្រ ដើម្បីប្រែក្លាយកម្ពុជាទៅប្រជាប្រទេស ដែលមានសេដ្ឋកិច្ច ពឹងផ្អែកលើកម្លាំងការងារដែលមានជំនាញ៕

To Top