ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស សុខា និងភរិយា ប្រារព្ធពិធីចម្រើនព្រះបរិត្ត រាប់បាត្រ បង្សុកូល និងអបអរឆ្នាំថ្មី

ភ្នំពេញ ៖ ប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី សសុខា បានប្រារព្ធពិធីចម្រើនព្រះបរិត្ត រាប់បាត្រ បង្សុកូល ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧។

កិច្ចប្រកបដោយមង្គលសួស្ដីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បានប្រព្រឹត្តិទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារនៃក្រសួងមហាផ្ទៃ ជាច្រើនរូបទៀត។

បន្ទាប់ពីប្រារព្ធកិច្ចតាមគន្លងព្រះពុទ្ធសាសនានៅខាងក្នុងអគារទីស្ដីការក្រសួងមហាផ្ទៃ លោក ស សុខា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានបន្តអញ្ជើញទស្សនាការសម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងចម្រើនមកវិញនូវសិរីសួស្ដីសម្រាប់ឆ្នាំថ្មី ទៅតាមទំនៀមទម្លាប់និងប្រពៃណីជាតិ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៣-១៦ មេសា ។ នាឱកាសឆ្នាំថ្មីនេះដែរ លោក ស សុខា និងលោកស្រី ក៏បានផ្ញើសារជូនពរមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ មន្រ្តីពន្ធនាគារ ព្រមទាំងបងប្អូនជនរួមជាតិ ទទួលបានព្រះពុទ្ធពរ សិរីមង្គល និងសម្រេចជោគជ័យគ្រប់ភារកិច្ច៕

To Top