ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ ការដឹកជញ្ជូនពលរដ្ឋទៅស្រុក ឥតគិតថ្លៃ ដើម្បីបន្ថយចំណាយពលរដ្ឋ

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានគូសញ្ជាក់ថា ការដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើតនាថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដោយឥតគិតថ្លៃ នេះ ធ្វើឡើងដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ពលរដ្ឋ ។

ការលើកឡើងរបស់លោក ឃួង ស្រេងនេះ ក្នុងឱកាសជូនដំណើរកម្មករ និងពលរដ្ឋឡើងជិះរថយន្តក្រុងទៅស្រុកកំណើត នៅទីលានប្រជាធិបតេយ្យ ក្បែរស្ពានឬស្សីកែវ នាព្រឹកព្រលឹមថ្ងៃ១២ មេសា។

លោកថា អនុវត្តតាមប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២-១៧ មេសា ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយនឹងការរៀបចំទឹកពិសាបរិសុទ្ធ និងភេសជ្ជៈដោយឥតគិតថ្លៃផងដែរ។

លោកបន្តថា ទីតាំងរថយន្តក្រុងសម្រាប់ដឹកជញ្ជូនពលរដ្ឋមានច្រើនទីតាំង ប៉ុន្តែកន្លែងធំជាងគេមាន២កន្លែង នោះគឺនៅទីតាំងទីលានប្រជាធិបតេយ្យ និងនៅតំបន់ OCIC ខណ្ឌជ្រោយចង្វា។

ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរនានា
ឲ្យរក្សាតម្លៃដដែល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។

ជុំវិញការអនុញ្ញាត ឬមិនអនុញ្ញាតនៃការលេងបាញ់ទឹកជះទឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មានទីតាំងអនុញ្ញាតឲ្យលេងនិងមិនអនុញ្ញាតឲ្យលេងដែរ ហើយទីតាំងអនុញ្ញាតត្រូវបានដាក់ឡានទឹក ពាងទឹកបាញ់ជះទឹកលេងគ្រប់គ្រាន់ផងដែរ ហើយទីតាំងនោះក៏មាន
ដាក់ស្លាកសញ្ញាលេងត្រឹមត្រូវ ជៀសវាងជះទឹក បាញ់ទឹកទៅលើអ្នកដំណើរ ដែលមិនបានស្ម័គ្រចិត្តលេងជាមួយ៕

To Top