ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកព្រឹត្តិការណ៍«សង្ក្រាន្តកំពង់ចាម» នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២៤ នេះបានរៀបចំពិធីបើកព្រឹត្តិការណ៍«សង្ក្រាន្តកំពង់ចាម » នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក.ព. ២៥៦៨ ដោយពិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារមុខសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រីញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីសន្តិភាព ដើម្បីការអភិវឌ្ឍន៍ខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា កាលពីសង្ក្រាន្តឆ្នាំ២០២៣ កន្លងទៅ មានបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកលេងកំសាន្ត ប្រមាណ ១លាននាក់។ ចំណែកឆ្នាំនេះ លោក សង្ឃឹមថា នឹងមានបងប្អូនប្រជាពលរដ្ឋមកលេងកាន់តែច្រើនថែមទៀត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ទើបយើងមានឱកាសរៀបចំ កម្មវិធីផ្សេងៗ ក៏ដូចជាការរៀបចំកម្មវិធីសង្ក្រាន្តកំពង់ចាម ដែលរដ្ឋបាលខេត្ត បានរៀបចំនៅទីនេះ និងនៅតាមរមណីយដ្ឋាននានា រួមមាន ឆ្នេរខ្សាច់កោះប៉ែន ប្រាសាទនគរបាជ័យ ភ្នំប្រុស-ភ្នំស្រី តំបន់អេកូទេសចរទឹកឆាជាដើម និងតាមរមណីយដ្ឋាននានា តាមបណ្តាក្រុង-ស្រុកទាំង១០ ហើយជាមួយគ្នានេះ ក៏មាននៅតាមទីវត្តអារាមទូទាំងខេត្តកំពង់ចាមផងដែរ។

ម្យ៉ាងវិញទៀត បងប្អូនប្រជាពលរដ្ឋ ពិសេស ក្មួយៗយុវជនរបស់យើង ដែលមានបំណងមកចូលរួមលេងសប្បាយរីករាយក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ពិសេសក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ក្មួយៗ ដែលរស់នៅទីជិតទីឆ្ងាយ មានឱកាសវិលត្រឡប់មកកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារមិត្តភ័ក្ត ចូលរួមអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរយើង។

លោកអភិបាលខេត្ត បានយកឱកាសនោះ ផ្តាំផ្ញើលើកិច្ចការ៤ ចំណុច ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួមលេងសប្បាយ នៃសង្ក្រាន្តកំពង់ចាម នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដោយ ៖

ទី១ ៖ សូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួម មកកំសាន្តសប្បាយឱ្យបានច្រើនកុះករ នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម ។

ទី២ ៖ គឺសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច រក្សាឲ្យបាននូវសន្តិសុខ សម្រាប់ធ្នាប់ឲ្យបានល្អ នៅតាមទីកន្លែងដែលខ្លួនបានទៅកំសាន្តសប្បាយ ជាពិសេសត្រូវរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរ និងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង។

ទី៣ ៖ សូមស្នើឲ្យបងប្អូនភ្ញៀវទេសចរណ៍ទាំងអស់ រក្សាអនាម័យឲ្យបានល្អ នៅតាមទីកន្លែងរមណីយដ្ឋាននានា ដើម្បីបន្សល់ទុកនូវសោភ័ណភាព ដែលគណៈកម្មការបានរៀបចំជូន ។

ទី៤ ៖ សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមបន្តពង្រឹងលើការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមទីរមណីយដ្ឋាន ឲ្យបានល្អប្រសើរ ដើម្បីបម្រើសេចក្តីត្រូវការ និងអ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ មកកំសាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលកំពុងប្រព្រឹត្តទៅនេះ ៕

To Top