ព័ត៌មានជាតិ

កម្ពុជា ទទួលបានភ្ញៀវទេសចរជាង ២១លាននាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ៤ថ្ងៃ

ភ្នំពេញ ៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ២១.៨១លាននាក់។

យោងតាមរបាយការណ៍ មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរ លេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៤ថ្ងៃ ដូចជា៖ ទេសចរជាតិ និងប្រជាពលរដ្ឋ ដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសសរុបប្រមាណ ២១.៧០ លាននាក់ ខណៈទេសចរបរទេស ប្រមាណ ១១ ម៉ឺននាក់។

ប្រភព ដែលបន្ដថា ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំ២០២៤ ប្រជាពលរដ្ឋដើរលេងកម្សាន្ត ក្នុងក្របខណ្ឌទូទាំងប្រទេស មានចំនួនកើនឡើងច្រើន ដោយរយៈពេលពិធីបុណ្យមានដល់ ៤ថ្ងៃ ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំ២០២៣ មានរយៈពេលត្រឹមតែ ៣ថ្ងៃ ដែលមានប្រជាពលរដ្ឋដើរលេង កម្សាន្តក្នុង ក្របខណ្ឌទូទាំងប្រទេស ប្រមាណ ១៣,១៣ លាននាក់ប៉ុណ្ណោះ។

ក្រៅពីនេះ គ្រប់រាជធានី ខេត្តមានការរៀបចំសង្រ្កានឆ្នាំថ្មី ដែលព្រឹត្តិការណ៍មួយពិតជាមានការទាក់ទាញដល់ប្រជាពលរដ្ឋ ក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តខាងលើមានតែប្រមាណ ៣០%ប៉ុណ្ណោះ ដែលបានស្នាក់នៅលើសពីមួយយប់ឡើងទៅ។

ចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺ រដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរ កម្សាន្ត នៅតាមរមណីយដ្ឋាន និង គោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនប្រជាជន ដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំង ដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូន ប្រជាពលរដ្ឋដែលលេង កម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា៕

To Top