ព័ត៌មានជាតិ

សម្ដេចធិបតី ៖ រាល់ការប៉ុនប៉ងបង្កើត បដិវត្តន៍ពណ៌នៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាសន្តិភាពឲ្យបាន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាល់ការប៉ុនប៉ងបង្កើត បដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាសន្តិភាពឲ្យបាន ដើម្បីរួមចំណែកទប់ស្កាត់ បានទាន់ពេលវេលា។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែមេសា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កងយុទ្ធពលខេមរភូមិន្ទ ត្រូវចែកជាកម្លាំង ដែលមានឧត្តមគតិស្មោះត្រង់ជូនជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាពរាល់សមិទ្ធផលសង្គមជាតិ សមិទ្ធផល នៃនយោបាយឈ្នះឈ្នះ នៃអគ្គមគ្គុទេសន៍ឯកតេជោសែន ឱ្យបានគង់វង្ស រួមចំណែកយ៉ាងសកម្ម ក្នុងការកសាងពង្រឹងនិតិរដ្ឋ រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងត្រៀមលក្ខណៈគ្រប់កាលៈទេសៈបំពេញរាល់ប្រតិបត្តិការ ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

សម្ដេចធិបតីថា ត្រូវបន្តធ្វើការកែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យក្នុងកងយោធពលខេមរភូមិន្ទ ចាប់ពីស្ថាប័នថ្នាក់ ដឹកនាំបញ្ជា រហូតដល់កងឯកភាព ឲ្យបានសម្រេចប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងស្មារតីសាមគ្គីភាព និងទទួលខុសត្រូវបំផុត។

សម្ដេចធិបតី គូសបញ្ជាក់ថា «លើវិស័យកសាងពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង. សមត្ថភាពពេញលេញមានឆន្ទៈមោះមុត មនសិការនិងវិន័យល្អ ការពារបានរឹងមាំ នូវឯករាជ្យជាតិអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈសំដៅធ្វើឲ្យបរាជ័យ រាល់ឧបាយកលនិងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិ ទោះក្នុងតម្លៃណា ក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាប រាល់បទល្មើសបានទាន់ពេលវេលា»។

សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា ការកែទម្រង់រចនាសម្ព័ន្ធ ចាត់តាំងស្ថាប័នកងឯកភាព ត្រូវអនុវត្តតាមគោលការណ៍«វិសមិតមុខងារតួនាទីភារកិច្ច» របស់ស្ថាប័នកងឯកភាពដើម្បីលុបបំបាត់ភាព«ត្រួតគ្នា»ឲ្យបានសម្រេចតាមដំណាក់កាលនីមួយៗ យ៉ាងម៉ឺងម៉ាត់ម៉តចត់។ រីឯចំនួនទ័ពនៃស្ថាប័នបញ្ហាការដ្ឋាន កងឯកភាពនានា ត្រូវស្ថិតក្នុងកម្រិតសមស្រប៕

To Top