ព័ត៌មានជាតិ

ចិន គាំទ្រកម្ពុជា លើកិច្ចប្រឹងប្រែង ការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ

ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនមកកាន់កម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃ២១-២៣មេសា បានបង្ហាញឲ្យឃើញថា ភាគីចិន បានគូសបញ្ជាក់សារជាថ្មី នូវការគាំទ្រចំពោះជម្រើសរបស់កម្ពុជា លើមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជា និងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលផ្សព្វផ្សាយលើបណ្តាញតេឡេក្រាមផ្លូវការ របស់សម្តេចធិបតី នាថ្ងៃទី២៣ មេសា បានឲ្យដឹងថា ភាគីចិន បានគូសបញ្ជាក់សារជាថ្មី នូវការគាំទ្រចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ, គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ, សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ ព្រមទាំងប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅ ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។

គួររំលឹកថា ការប្រកាសគាំទ្រពីសំណាក់ភាគីចិនបែបនេះ ធ្វើឡើងស្របពេលជាមួយនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលម្តងជាពីរដង ភាគីវៀតណាមផ្ទាល់ និងតាមរយៈវិទ្យាស្ថានអភិវឌ្ឍន៍ ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) នៃប្រទេសវៀតណាម វាយតម្លៃថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយ ដែលបម្រើឲ្យសេដ្ឋកិច្ច-សង្គមកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះ ក៏មានតម្លៃចម្បងបម្រើឲ្យវិស័យយោធារបស់ចិនផងដែរ ខណៈការបង្ហាញការព្រួយបារម្ភជាហូរហែរលើគម្រោងមួយនេះ ត្រូវបានកម្ពុជា ទាំងសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ទៅវិញផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ មិនមានប៉ះពាល់ដូចអ្វី ដែលភាគីខាងវៀតណាមបារម្ភនោះទេ ហើយជាពិសេសកម្ពុជា ក៏មិនប្រឆាំនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលហាមឃាត់ មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេស លើទឹកដីរបស់ខ្លួនឡើយ៕

To Top