ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត រីករាយចំពោះពលរដ្ឋ នាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ យ៉ាងច្រើនកុះករ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្តែងក្តីសប្បាយរីករាយ ចំពោះប្រជាពលរដ្ឋ បាននាំគ្នាលេងល្បែង ប្រជាប្រិយខ្មែរ យ៉ាងច្រើនកុះករ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ កន្លងទៅនេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសប្បាយរីករាយ ចំពោះប្រជាពលរដ្ឋ ដែលបាននាំគ្នាលេងល្បែង ប្រជាប្រិយខ្មែរយ៉ាងច្រើនកុះករ ក្នុងអំឡុងពេលចូលឆ្នាំកន្លងទៅនេះ។ ទន្ទឹមនឹងនោះ បញ្ហាដែលកើតឡើង ដោយសកម្មភាពបងធំ បងតូច បានធ្លាក់ចុះយ៉ាងខ្លាំង។ នេះបណ្តាល មកពីការយល់ដឹង របស់ប្រជាពលរដ្ឋ និងការរៀបចំបានល្អ របស់អាជ្ញាធរមានសមត្ថកិច្ច ។

ក្នុងន័យនេះ សម្តេចធិបតី បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានចូលរួមកម្សាន្តសប្បាយ យ៉ាងសស្រាក់សស្រាំ និងកងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារ និងបានរៀបចំ ពិធីបុណ្យ ចូលឆ្នាំយ៉ាងល្អ ដែលបង្កលក្ខណៈឱ្យពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្ត ទៅប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយយ៉ាងក្រៃលែង។

សម្តេចធិបតី បានប្រកាសផ្តល់រង្វាន់ តាមការសន្យាដល់ខេត្តចំនួន ៦ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ខេត្តទាំង ៦ នោះគឺ ខេត្តព្រៃវែង កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ មណ្ឌលគិរី និងខេត្តប៉ៃលិន ដោយខេត្តនីមួយៗទទួលបាន លិខិតសរសើរ១ច្បាប់ ថវិកា ២០០លានរៀល និងភេសជ្ជៈ ១០០០កេស ៕

To Top