ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា ជួបថ្នាក់ដឹកនាំ និងស្ដាប់បទបង្ហាញអំពីការគ្រប់គ្រងរដ្ឋបាវ៉ារីយ៉ា មុនដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកស្រី កែ សួនសុភី ស សុខា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានបញ្ចប់កម្មវិធីការងារក្នុងដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ហើយ។

មុនដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា អមដំណើរដោយគណប្រតិភូជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Eric Beißwenger រដ្ឋមន្រ្តីនៃរដ្ឋបាវ៉ារីយ៉ា ទទួលបន្ទុកកិច្ចការអឺរ៉ុប និងអន្តរជាតិ នៅទីក្រុងម៉ូនិក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

បន្ទាប់មក លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកស្រី បានបន្តដឹកនាំគណៈប្រតិភូ ស្តាប់បទបង្ហាញស្តីពី«ភារកិច្ចនិងមុខងារ Bezirksregierung ដែលជាអាជ្ញាធររដ្ឋបាលថ្នាក់ខ្ពស់ ការត្រួតពិនិត្យរដ្ឋបាលមូលដ្ឋាន និងការរៀបចំពហុកម្រិតសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងការពារប្រជាពលរដ្ឋនៅរដ្ឋបាវ៉ារីយ៉ា» នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

នៅវេលាយប់ថ្ងៃដដែលនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកស្រី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញចូលរួមពិធីបូកសរុបដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងពិធីពិសាអាហារសាមគ្គីជាមួយមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ដែលទទួលខុសត្រូវសម្របសម្រួលទស្សនកិច្ចជូនគណៈប្រតិភូកម្ពុជា។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនអាល្លឺម៉ង់ ដែលផ្ដល់កិច្ចសហប្រតិបត្តិការ និងគាំទ្រប្រទេសកម្ពុជាជាបន្តបន្ទាប់ ជាពិសេសដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការសម្របសម្រួលទស្សនកិច្ចប្រកបដោយជោគជ័យជូនគណៈប្រតិភូកម្ពុជានាឱកាសនេះ៕

To Top