ព័ត៌មានជាតិ

សម្ដេចធិបតី ៖ បច្ចុប្បន្នយុវជនកម្ពុជា មានសមត្ថភាពបណ្ដុះបណ្ដាល ស្របតាមតម្រូវការ អ្នកវិនិយោគ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះយុវជនកម្ពុជា មានសមត្ថភាពអាចធ្វើការបណ្ដុះបណ្ដាល ស្របទៅតាមតម្រូវការ របស់អ្នកវិនិយោគ ដែលមកវិនិយោគនៅកម្ពុជា។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាគម សហជីព កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល មិនត្រឹមត្រូវតែទាក់ទាញអ្នកវិនិយោគបង្កើតការងារនោះទេ ក៏ត្រូវគិតអំពីសុខភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋខ្មែរ។

សម្ដេចធិបតី លើកទឹកចិត្ត ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បន្ដចុះឈ្មោះចូលរៀនតាមជំនាញ នៅតាមគ្រឹះស្ថាន បណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ ក្រសងការងារ បានរៀបចំ។ គិតត្រឹមថ្ងៃទី១៩ ខែមេសា មានអ្នកចុះឈ្មោះចូលរៀនជាង ៣ម៉ឺននាក់ ក្នុងនោះ អ្នកកំពុងបណ្ដុះបណ្ដាលជាង ១ម៉ឺននាក់ ដើម្បីបង្កើតសមត្ថភាពស្វែងរកប្រាក់ឈ្នួលកាន់តែខ្ពស់។

សម្ដេចធិបតី គូសបញ្ជាក់ថា «ខ្ញុំទៅក្រៅ គេតែសួរមួយថា ឥឡូវកម្ពុជាមានស្អីខ្លះ? ធនធានមនុស្សមានគ្រប់អត់? ខ្ញុំថា អាចនិយាយបាន មកដល់ម៉ោងនេះ យើងមានសមត្ថភាព ហើយយើងអាចធ្វើការបណ្ដុះបណ្ដាលស្របទៅតាមតម្រូវការ និងច្រើនជំនាញណាស់ ដែលយើងអាចធ្វើបាន»។

សម្ដេចធិបតី បន្ដថា ពិតណាស់ កម្ពុជា មិនអាចទៅបង្កើតអ្នកបណ្ដុះបណ្ដាលអ្នកជំនាញយានអាវកាស នៅកម្ពុជាបាននោះទេ។ សម្ដេច ថា តែអ្នកវិនិយោគ ចង់បង្កើនរោងចក្រផលិតរថយន្ដ រោងចក្រគ្រឿងបង្គុំអគ្គិសនី ជាដើម កម្ពុជា អាចបណ្ដុះបណ្ដាលឱ្យបាន។

នាឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល ជំរុញឱ្យវិស័យឯកជនទទួលយកសិក្ខាកាម សិស្ស និស្សិតហាត់ការនៅកន្លែងការងារ ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និងបទពិសោធន៍ដែលមាននៅរោងជាង វិទ្យាស្ថាន និងមជ្ឈមណ្ឌល ទៅនឹងការអនុវត្តជាក់ស្ដែង នៅតាមសហគ្រាស គ្រឹះស្ថាន។ ក្នុងនោះ សម្តេច បានអរគុណដល់ មានសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន ១៧ បានឯកភាពចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកម្មវិធីហាត់ការនេះ៕

To Top