ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ​ ៖​ លោកឧបនាយករដ្ឋមន្រ្តី​ ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកស្រី កែ សួន សុភី ស សុខា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា មាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីបំពេញទស្សនកិច្ច ប្រកបដោយជោគជ័យ រយៈពេល៨ថ្ងៃ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋអាល្លឺម៉ង់ ។

ទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកស្រី​ បានព្រឹត្តទៅ ដោយមានការសម្របសម្រួល និង គាំទ្រពីរដ្ឋាភិបាលសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងគោលបំណង ដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និង ការអនុវត្តល្អៗពីប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ ដើម្បីជំរុញដំណើរ ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលើកកម្ពស់អភិបាល កិច្ចមូលដ្ឋាននៅកម្ពុជា។

ផ្ដើមទស្សនកិច្ចនៅសហព័ន្ធស្វីស លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Alexandre Fesel រដ្ឋលេខាធិការក្រសួង ការបរទេសសហព័ន្ធស្វីស ដោយភាគីស្វីសបានសន្យាបន្តគាំទ្រ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងផ្ដល់ជំនួយ បច្ចេកទេសនានា គាំទ្រការបណ្ដុះបណ្ដាល ធនធានមនុស្ស និងអ្នកអនុវត្តច្បាប់ លើជំនាញ ប្រឆាំងបទល្មើសបច្ចេកវិទ្យា ការលាង លុយកខ្វក់ សន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត និងគាំទ្រគម្រោងពង្រឹង សមត្ថភាពមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកស្រី​ ព្រមទាំងគណៈប្រតិភូ បានជួបពិភាក្សាជាមួយអភិបាលក្រុង Bern អភិបាលក្រុង Zollikofen និងស្ដាប់បទបង្ហាញដោយមន្រ្តីជាន់ខ្ពស់ស្វីសនិងអ្នកជំនាញការសរុប ចំនួន៥ប្រធានបទ ពាក់ព័ន្ធនឹងប្រព័ន្ធនយោបាយស្វីស តួនាទីទីក្រុង ប្រព័ន្ធហិរញ្ញ វត្ថុសាធារណៈ ការចូលរួមរបស់ប្រជាពលរដ្ឋ ស្វីសនិងយន្តការជាក់ស្ដែង នៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និង ការទទួលខុសត្រូវក្នុងវិស័យ សុវត្ថិភាពនិង សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងអញ្ជើញទស្សនា និងស្វែងយល់អំពីសហព័ន្ធស្វីស និងទីក្រុងបុរាណផងដែរ។

នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា បានបន្តដំណើរទៅកាន់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានជួបពិភាក្សាការងារជាមួយលោកអភិបាលក្រុង Kempten ទស្សនកិច្ចនិងស្ដាប់បទបង្ហាញ ចំនួន៥ ពាក់ព័ន្ធប្រព័ន្ធរដ្ឋបាលមូលដ្ឋាននៅអាល្លឺម៉ង់និងបទពិសោធន៍ក្រុង Kempten ភាពខុសគ្នារវាងរដ្ឋបាលមូលដ្ឋាន ស្វីសនិងអាល្លឺម៉ង់ យុទ្ធសាស្រ្តទីក្រុងឆ្លាតវៃ ការចូលរួមរបស់យុវជន ក្នុងកិច្ចការដ្ឋបាលមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការ អន្តរទីក្រុងក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន។

បន្ទាប់មកគណៈប្រតិភូបានបន្តកម្មវិធីទស្សនកិច្ចនៅទីក្រុងម៉ូនិក ដោយ​ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Eric Beißwenger រដ្ឋមន្រ្តីនៃរដ្ឋបាវ៉ារីយ៉ា ទទួលបន្ទុកកិច្ចការអឺរ៉ុបនិង អន្តរជាតិ និងបន្តបានស្ដាប់បទបង្ហាញ ចំនួន៤ រួមមាន ប្រព័ន្ធអភិបាលកិច្ចពហុកម្រិតនៃរដ្ឋនាវ៉ារីយ៉ា ភារកិច្ចនិងមុខងារអាជ្ញាធរ ដ្ឋបាលថ្នាក់ខ្ពស់ ការត្រួតពិនិត្យរដ្ឋបាលមូលដ្ឋាន និងការរៀបចំពហុកម្រិត សម្រាប់ការគ្រប់គ្រង គ្រោះមហន្តរាយ និងការពារប្រជាពលរដ្ឋនៅរដ្ឋបាវ៉ារីយ៉ា ព្រមទាំងអញ្ជើញទស្សនាសួនច្បារពេញនិយម English Garden។

នេះជាដំណើរទស្សនកិច្ច ក្រៅប្រទេសលើកទី២ របស់លោក ឧបនាយករដ្ឋមន្រ្តី ស សុខា បន្ទាប់ពីចូលកាន់ មុខតំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយភាព ប៉ិនប្រសប់និងទស្សនវិស័យជឿនលឿន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ។ ស្វីស និងអាល្លឺម៉ង់ បានចូលរួមគាំទ្រ យ៉ាងសកម្ម ដល់ដំណើរកែ ទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិនៅកម្ពុជា រួមទាំងការឈានទៅ រៀបចំ ជាប្រវត្តិសាស្រ្តការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១ ឆ្នាំ២០២២ ។

គឺក្នុងគោលដៅដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងអាល្លឺម៉ង់ ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននេះហើយ ទើបបានជាក្នុងដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមមិនត្រឹមតែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែក៏មានដែរ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជារដ្ឋបាលខេត្ត និងស្រុកមួយចំនួនទៀតផងដែរ៕

To Top