ព័ត៌មានជាតិ

បង្ក្រាបក្រុមជួញ ដូរគ្រឿងញៀន ឆ្លងដែនយ៉ាងសកម្ម៦នាក់ រឹបអូសគ្រឿងញៀន ជិត ២០០គីឡូក្រាម

ភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) ដឹកនាំដោយលោក វរសេនីយ៍ឯក សេង សុផល នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ភ្លៀន នឿន ជាមន្ត្រីនគរបាល យុត្តិធម៌ សហការជាមួយ កម្លាំងស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួល ពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានស្រាវជ្រាវស៊ើបអង្កេតជាង ៣ខែ រហូតឈានទៅបង្ក្រាបករណីជាក់ស្តែង កំពុងធ្វើសកម្មភាពជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅ ៥ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់ ។

ទីតាំងដែលបង្ក្រាបបានទាំង ៥នោះរួមមាន៖ ទី១-នៅចំណុចទល់មុខស្ថានីយ៍ទឹកស្អាត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ , ទី២-ក្នុងបន្ទប់លេខ១១១៨ ជាន់ទី១១ ក្នុងខុនដូមេគង្គវីយូ៦ សង្កាត់-ខណ្ឌជ្រោយចង្វារ, ទី៣-បន្ទប់លេខ១១១០ ខុនដូហែនលេន ភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ, ទី៤-ផ្ទះលេខ៦១ ផ្លូវ V-03 បុរីដឺហ្លររ៉ា ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង និងទី៥-ផ្ទះលេខ៣២អ៊ី (16E) ផ្លូវជាតិលេខ៦អា ក្រុម១០ ភូមិក្រោលគោ សង្កាត់-ខណ្ឌឬស្សីកែវ

ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់រួមមាន៖ ១-ឈ្មោះ លី ប៊ុនមីន ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៧១ ជាមេខ្លោង ហើយមានដីកាចាប់បង្គាប់ឲ្យចាប់ខ្លួនផងដែរ, ២-ឈ្មោះ ប៊ុន ណាវី ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ ១៩៦៤, ៣-ឈ្មោះ លី មីង ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ២០០១, ៤-ឈ្មោះ ប៊ុន ម៉ាលីស ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៧៤, ៥-ឈ្មោះ ស៊ុយ ឆេងឡាង ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ២០០០, ៦-ឈ្មោះ កេះ ស្រីពេញ ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៩៩ ។

ក្នុងប្រតិបត្តិការនោះដែរ កម្លាំងជំនាញចាប់យកវត្ថុតាង គ្រឿងញៀន៖ ១-មេតំហ្វេតាមីន (ICE) ទម្ងន់ ១៥៨គីឡូក្រាម និង២៤ក្រាម, ២-កេតាមីន (Ketamine) ទម្ងន់ ២២គីឡូក្រាម និង៦៨៤ក្រាម, ៣-ហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៧គីឡូក្រាម និង៤៣៤ក្រាម ។ សរុបគ្រឿងញៀនទម្ងន់ ១៨៨គីឡូក្រាម ១៤២ក្រាម។ ក្នុងនោះដែរចាប់យកទ្រព្យសម្បត្តិ ដែលសង្ស័យជាផលកើតចេញ ពីបទល្មើសគ្រឿងញៀន រួមមាន ៖ សាច់ប្រាក់ជាង ៣០ម៉ឺនដុល្លារ , អចលនទ្រព្យ រថយន្ត គណនីធនាគារ ប្រមាណតម្លៃ រាប់លានដុល្លារ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ចាប់យកខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

To Top