ព័ត៌មានជាតិ

អាជ្ញាធរគ្រឿងញៀន ឲ្យក្រសួង-ស្ថាប័នបណ្តេញមន្ដ្រី មានសារធាតុញៀន ចេញពីក្របខ័ណ្ឌ ត្រូវបញ្ជូនពួកគាត់ទៅព្យាបាល

ភ្នំពេញ ៖ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំសាមីក្រសួង ស្ថាប័ន ដែលបណ្ដេញមន្ត្រី មានសារធាតុញៀន ចេញពីក្របខ័ណ្ឌ ត្រូវបញ្ជូនពួកគាត់ ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន នៅថ្ងៃ២៩ មករា បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានលទ្ធផលគឺ មកដល់ថ្ងៃទី២៩ មេសា ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ មួយចំនួនបានចាត់ តាំងអនុវត្តបទ បញ្ហានេះដោយ បានធ្វើតេស្ដរ ហ័សរកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រី ជាប់កិច្ចសន្យាសរុប បានចំនួន ៥៦,៤៤៥រូប ក្នុងនោះមានលទ្ធផលវិជ្ជមាន សារធាតុញៀនក្នុងទឹកមូត្រ ចំនួន៧៦រូប ដែលមន្ត្រីទាំងនេះ ត្រូវបានបណ្ដេញ ចេញពីក្របខ័ណ្ឌ។

ក្នុងនោះ ការចាត់តាំង អនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍ធ្វើតេស្ត របៀបធ្វើតេស្តការ បញ្ជាក់លទ្ធផលតេស្ត និងចំណាត់ការ ចំពោះអ្នកវិជ្ជមានសារធាតុញៀន ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាលទទួលលទ្ធផលដូចជា ៖ បាននិងកំពុងខិតខំកៀរគរ ស្វែងរកជំនួយបន្ថែមពីសប្បុរសជនជាតិ និងអន្តរជាតិនូវឧបករណ៍ ធ្វើតេស្តរហ័សរកសារធាតុញៀន តាមទឹកមូត្រ សម្រាប់ប្រើប្រាស់ចំពោះមុខ , បានសហការ ជាមួយក្រសួងសុខាភិបាល បង្កើតក្រុម ការងារចំពោះកិច្ចដោះស្រាយ លទ្ធផលមិនប្រក្រតី នៃការធ្វើតេស្ដរហ័ស រកសារធាតុញៀនក្នុងទឹកមូត្រ , បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបង្គោលរបស់អង្គភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឲ្យបណ្តាអង្គភាព ទាំងនោះ មានការយល់ដឹង និងម្ចាស់ការធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រដោយខ្លួនឯង , បានណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្ដេញមន្ត្រី ដែលមានសារធាតុញៀន ចេញពីក្របខ័ណ្ឌ ត្រូវបញ្ជូនពួកគាត់ ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕

To Top