ព័ត៌មានជាតិ

សាកលវិទ្យាល័យ ស្វាយរៀង ប្រកាសបើកដំណើរការជាផ្លូវការ ជំនាញផែនដីវិទ្យា សម្រាប់ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ស្វាយរៀង ៖ លោកសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួមប្រកាស បើកដំណើរ ការជាផ្លូវការជំនាញ ផែនដីវិទ្យា សម្រាប់ការកាត់ បន្ថយហានិភ័យ គ្រោះមហន្តរាយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យស្វាយរៀង។

កម្មវិធីនេះ មានអ្នកចូលរួម១៥០នាក់ រួមមានលោកសាកលវិទ្យាធិការរង ថ្នាក់ដឹកនាំមហាវិទ្យាល័យ ការិយាល័យ នៃសាកលវិទ្យាល័យស្វាយរៀង តំណាងមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាយកដ្ឋានអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ទីពាក់ព័ន្ធ តំណាងពីសាកលវិទ្យាល័យជាស៊ីម កំចាយមារ តំណាងពីសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ តំណាងពីកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងអតីតនិស្សិត។

លោកសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យា ធិការសាកលវិទ្យាល័យ ស្វាយរៀង បានថ្លែងអំណរគុណ ដល់ដៃគូនិងអ្នកពាក់ព័ន្ធ ដែលបានបង្ហាញការគាំទ្រសង្គមពុទ្ធិ កិច្ចសហការ និងការប្តេជ្ញាចិត្តការពារសហគមន៍ ពីគ្រោះមហន្តរាយតាមរយៈការចូលរួមកម្មវិធីនេះ ។ 

លោកបានគូសបញ្ជាក់ថា ជំហានដែលយើងចាត់វិធានការ ឆ្ពោះទៅរកការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ គឺជាជំហានឆ្ពោះទៅកាន់ពិភពលោក ដែលមានសុវត្ថិភាព និងនិរន្តរភាពជាងមុន។ការបម្រែបម្រួលអាកាសធាតុ នគរូបនីយកម្ម និងកំណើនប្រជាជន គឺជាកត្តាដែលធ្វើឲ្យគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ហើយយើងម្នាក់ៗមានទំនួលខុស ត្រូវក្នុងការកាត់បន្ថយ ការសម្របខ្លួន និងការបង្កើនភាពធន់ផងដែរ។

សូមបញ្ជាក់ថា ការចុះឈ្មោះ ចូលរៀន កម្រិតបរិញ្ញបត្រ ជាន់ខ្ពស់ជំនាញផែនដីវិទ្យា សម្រាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ មាននិស្សិតចំនួន១៥នាក់បានចុះឈ្មោះចូលរៀនជំនាញនេះ៕ យាង ដានុត

To Top