ភ្នំពេញ៖ នាថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារការិយាល័យកណ្តាលថ្មី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច, លោកស្រី សោម គឹមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មព្រមទាំង លោក លោកស្រី តំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល លោកឧកញ៉ា លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូបផ្សេងទៀតផងដែរ ។