ព័ត៌មានជាតិ

ករណីក្ដៅខ្លាំងលើស៤០អង្សា ! សម្ដេចធិបតី​ ឲ្យគណៈគ្រប់គ្រងសាលា ផ្អាកការសិក្សាជាបន្ទាន់

ព្រះសីហនុ ៖ ក្នុងករណីក្ដៅខ្លាំងលើស ៤០អង្សាសេ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យគណៈគ្រប់គ្រងសាលា ផ្អាកការសិក្សាជាបន្ទាន់ ដើម្បីការពារសុខភាពសិស្សានុសិស្ស។

ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃ១ ឧសភា សម្ដេចធិបតីបានសង្កេតឃើញថា ប៉ុន្មានថ្ងៃនេះ អាកាសធាតុមានការក្ដៅខ្លាំង មិនមែនមាននៅកម្ពុជានោះទេ គឺមាននៅលើពិភពលោក។

ក្នុងករណីមេឃក្ដៅខ្លាំងនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យគោលការណ៍ទៅដល់ក្រសួង-ស្ថាប័ន ជាពិសេស អាជ្ញាធរមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ និងបញ្ហាទឹកសម្រាប់ប្រើប្រាស់ ក្នុងដូវក្ដៅនេះ។ លើសពីនេះ សម្ដេចក៏បានណែនាំកងកម្លាំងគ្រប់ប្រភេទ ត្រូវត្រៀមកម្លាំង ដើម្បីជួយអន្ដរាគមន៍ប្រជាពលរដ្ឋ ក្នុងករណីរដូវប្រាំង។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ម្សិលមិញខ្ញុំ បានណែនាំក្រសួងអប់រំ ហើយក៏ឃើញក្រសួងអប់រំ ចេញគោលការណ៍ណែនាំ ជាពិសេសនៅតាមសាលា សាលាក្មេងៗតូចៗ បើថ្ងៃណាពាក់ព័ន្ធនឹងសីតុណ្ហភាពឡើងលើស៤០ដឺក្រ(អង្សារសេ) សូមឲ្យពិនិត្យមើល ទីមួយម៉ោងពេលវេលារៀន ព្រោះក្ដៅខ្លាំងជាពិសេសម៉ោង១០ ម៉ោង២ហ្នឹង ចឹងកែម៉ោងទៅ កុំឲ្យចូល (រៀន)។ គិតគូររឿងទឹកការប្រើប្រាស់ហូប ហើយបើចាំបាច់គឺប្រគល់សិទ្ធិឲ្យគណៈគ្រប់គ្រង បើសិនជាក្ដៅខ្លាំងលើស៤០ដឺក្រ ហើយសាលាមិនអំណោយផលអាចមានសិទ្ធិផ្អាកការសិក្សាថ្ងៃនោះ កុំឲ្យ(សិស្ស)អង្គុយយូរ»។

សូមរំលឹកថា យោងតាមរយៈលិខិតរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួង បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ដោយពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល៕

To Top