ព័ត៌មានជាតិ

សម្តេចធិបតី ៖ គ្មានអ្វីបារម្ភ ទោះរោងចក្រដំឡើងរថយន្តនៅខ្មែរ ធ្វើឲ្យបាត់ចំណូលពន្ធគយនាំចូល តែចំណេញដល់សេដ្ឋកិច្ច និងពន្ធដារ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា គ្មានអ្វីត្រូវព្រួយបារម្ភឡើយ បើទោះបីមានរោងចក្រដំឡើងរថយន្តនៅកម្ពុជា តួយ៉ាងរោងចក្រ ដំឡើងរថយន្តតូយ៉ូតាដែលជាក្រុមហ៊ុនជប៉ុន នឹងធ្វើឲ្យបាត់បង់ចំណូលផ្នែកគយ លើពន្ធនាំចូលក៏ពិតមែន ប៉ុន្តែកម្ពុជាបានផលចំណេញមកវិញ តាមរយៈការបង្កើនការងារជូនពលរដ្ឋ កម្មករកម្មការិនី ទទួលបានចំណេះជំនាញ លើបច្ចេកវិទ្យាថ្មីៗពីឧស្សាហកម្មរថយន្ត ហើយជាពិសេសបានចំណូលពន្ធដាវិញដដែល ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេឆឺរីង (ខេមបូឌា) ឯ.ក នៅព្រឹកថ្ងៃ២ ឧសភា សម្តេចធិបតី សម្តេចបានលើកឡើងពីការបាត់ចំណូលពន្ធគយដោយសំដៅដល់លោក គុណ ញឹមជាមេគយកម្ពុជាអំពីការបាត់ចំណូលលើការនាំចូល ។

សម្តេចធិបតីមានប្រសាសន៍ថា “ខ្ញុំសួរគាត់ថ្ងៃមុនថា ឯកឧត្តមថ្ងៃមុន ជជែកគ្នាក្រៅផ្លូវការ គាត់ថា ឥឡូវចំណូលយើងមួយ ចំណូលពន្ធមួយ គឺពីរឿងរថយន្ត តែឥឡូវចំណូលមួយផ្នែកត្រូវធ្លាក់ ដោយសាររថយន្តមួយចំនួន ត្រូវមកបើកធ្វើនៅក្នុងស្រុក អត់មានបង់ពន្ធនាំចូល”

ជុំវិញការបាត់បង់ចំណូលពន្ធនាំចូលនេះ ត្រូវបានសម្តេចធិបតី អះអាងថា រដ្ឋគួរតែបាត់បង់ចំណែកខ្លះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ឯកជន ដើម្បីលើកទឹកចិត្តដល់វិស័យឯកជន ។

ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា “អត់អីទេ ធ្លាក់ពន្ធគយពីរថយន្តនាំចូលបន្តិចចុះ ប៉ុន្តែលុយចេញពីហោប៉ាវឆ្វេង ចូលហោប៉ាវស្តាំទេ ពេលដែលគាត់មកបង្កើតក្រុមហ៊ុននៅក្នុងស្រុក ទី១ រីកចម្រើន បង្កើតការងារ ចំណូលចូលមកពន្ធដារ ហោប៉ាវស្តាំ ។ ពេលដែលគាត់មកបណ្តុះបណ្តាលមនុស្ស បៀវត្សរ៍ទៅប្រជាពលរដ្ឋយើង ប្រជាពលរដ្ឋយើងគាត់មានលទ្ធភាព កើនជីវភាពរស់នៅ ទៅទិញបន្ត ចឹងចូលមកសេដ្ឋកិច្ចយើងដដែលទេ”

សម្តេចធិបតីបន្តថា “បើសិនជារថយន្តនោះផលិតនៅក្នុងពន្ធអនុគ្រោះ ចឹងផលិតផលសម្រេច និងគុណភាព មិនមែនរថយន្ត Copy ទេ រថយន្តបង្កើតដោយក្រុមហ៊ុនតូយូតា បង្កើតនៅទីនេះ អត់យកពន្ធនាំចូល អាចលក់បានថ្លៃសមរម្យ ចឹងប្រជាពលរដ្ឋយើង អាចមានលទ្ធភាព ទិញរថយន្តថ្មី ដែលផលិតនៅក្នុងស្រុកយើងតម្លៃសមរម្យ ។ ដូច្នេះជាអ្វីដែលខ្ញុំនិយាយ កុំខ្លាច ឯកឧត្តម គុណ ញឹម កុំអន់ចិត្ត គង់តែចូលមកឯកឧត្តម គង់ វិបុលនោះទេ ។ ព្រោះពេលដែលរថយន្តដើរ លក់ផលិតផល ប្រជាជនយើងទិញច្រើន ។ ចឹងចំណូលពីក្រុមហ៊ុន ក្រុមហ៊ុនចូលមកវិញ ហើយនេះគឺជាអ្វីដែលយើងចង់លើកទឹកចិត្តបន្ថែម”

To Top