ព័ត៌មានជាតិ

នគរបាលបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ១០០ករណី ឃាត់ខ្លួនមនុស្ស ២៩៨នាក់ ក្នុងសប្ដាហ៍មុន

ភ្នំពេញ ៖ ប្រតិបត្តិការបង្ក្រាប ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលជាតិ ទូទាំងប្រទេសអនុវត្តយ៉ាងសកម្ម។ ជាក់ស្ដែងក្នុងសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី២២-២៨ មេសា កម្លាំងនគរបាលជាតិចាប់ពីអគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបង្ក្រាបករណីគ្រឿងញៀនសរុបចំនួន១០០ករណី ដោយឃាត់ខ្លួនជនសង្ស័យ សរុបបានចំនួន២៩៨នាក់ នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈបានឲ្យដឹងថា ក្នុងចំណោមករណីខាងលើនេះ បង្ក្រាបនៅរាជធានីភ្នំពេញមាន២២ករណី ខេត្តព្រះសីហនុមាន១៥ករណី ខេត្តកំពង់ស្ពឺមាន៦ករណី ខេត្តសៀមរាបមាន៦ករណី ខេត្តត្បូងឃ្មុំមាន៥ករណី ខេត្តកំពង់ធំមាន៥ករណី។ ក្រៅពីនេះមាននៅខេត្តកណ្ដាល រតនគិរី ស្វាយរៀង បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង មណ្ឌលគិរី កំពង់ចាម កែប ព្រះវិហារ តាកែវ កោះកុង និងករណីបង្ក្រាប ដោយមន្ទីរប្រឆាំងគ្រឿងញៀន ដែលសុទ្ធតែមានចំនួន ក្រោម៥ករណី ។

ក្រៅពីករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយតូច អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា ក៏មានករណីទ្រង់ទ្រាយធំ ក្នុងនោះរាជធានីភ្នំពេញ មាន២កណី ឃាត់ខ្លួនមនុស្សសរុប៨នាក់ រឹបអូសគ្រឿងញៀនជាង២១៦គីឡូក្រាម ខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ១នាក់ រឹបអូសគ្រឿងញៀនជាង១២០គីឡូក្រាម និងខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្ស២នាក់ រឹបអូសគ្រឿងញៀនជាង៦គីឡូក្រាម។ ក្រៅពីគ្រឿងញៀន សមត្ថកិច្ចក៏រឹបអូសវត្ថុតាងមួយចំនួនទៀត ដូចជាអាវុធ រថយន្ត ម៉ូតូ និងទូរសព្ទជាដើម។

ការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន គឺជាកិច្ចការអាទិភាពមួយ ក្នុងចំណោមកញ្ចប់ការងារអាទិភាពទាំង៦ ដែល អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនការយកចិត្តទុកដាក់អនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ខណៈរាជរដ្ឋាភិបាល ក៏បាននិងកំពុងអនុវត្តយ៉ាង សកម្មដូចគ្នាដែរ នូវយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេស រួមទាំងការអនុវត្តលើ មន្រ្តីរាជការនិងកម្លាំង ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕

To Top