ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា សង្ឃឹមថា អូស្រ្តាលី នឹងបន្តផ្តល់ជំនួយ​ និងការបណ្តុះបណ្តាលផ្សេងៗ ដល់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា អូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានា រួមមាន៖ ជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេងៗ ដល់ក្រសួងមហាផ្ទៃ។

នាឱកាសឱកាសអនុញ្ញាតជូន លោក Pablo Kang ភារធារីស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងអំណរគុណក្រសួងមហាផ្ទៃអូស្រ្តាលី បានអញ្ជើញលោក ដឹកនាំគណៈប្រតិភូ ក្រសួងមហាផ្ទៃ ទស្សនកិច្ចសិក្សា នៅប្រទេសអូស្រ្តាលី នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ។

បើតាម លោកឧបនាយករដ្ឋមន្ត្រី ទស្សនកិច្ចនេះ មានគោលបំណងជួយភាគីកម្ពុជា ដកស្រង់បទពិសោធន៍យុទ្ធសាស្រ្ត ពាក់ព័ន្ធការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយគណៈប្រតិភូកម្ពុជាមានក្ដីសង្ឃឹមថានឹងទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗពីអូស្រ្តាលី ទាំងលើការងារគ្រប់គ្រង កងកម្លាំងនគរបាលជាតិ ការជំរុញទំនាក់ទំនងបណ្តុះបណ្តាល មន្រ្តីនគរបាលលើការងារ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។

ក្នុងជំនួបដែលត្រូវបានធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃដដែល លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើនូវសេចក្ដីសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះលោក Pablo Kang និងបានចាត់ទុក វត្តមានលោក ក្នុងជំនួបនេះថា ជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែង ជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលអូស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា ទាំងនាពេលបច្ចុប្បន្ន និងទៅអនាគត ។

លោក Pablo Kang បានបង្ហាញ ការឯកភាពចំពោះការវាយតម្លៃរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា លើទំនាក់ទំនងដ៏យូរអង្វែង រវាងប្រទេសទាំងពីរកម្ពុជា-អូស្រ្តាលី ។ លោក ក៏បានរម្លឹកអំពីលទ្ធផលវិជ្ជមាន នៃដំណើរទស្សនកិច្ច របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៤ ដែលឈានដល់ការចុះហត្ថលេខា ឱ្យមានជើងហោះហើរត្រង់ពីប្រទេសអូស្រ្តាលីមកកម្ពុជា។

ក្នុងជំនួបនោះដែរ លោកភារធារី និងលោកឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងបានពិភាក្សាគ្នាអំពីការងារអន្តោប្រវេសន៍ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមាន៖ ការជួញដូរ រត់ពន្ធមនុស្ស និងគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គមនៅកម្ពុជា និងប្តេជ្ញាពង្រឹងការងារ ឱ្យកាន់តែល្អប្រសើរថែមទៀត ។

ជាមួយនឹងការថ្លែងអំណអរគុណ ចំពោះការចំណាយពេលវេលាដ៏មមាញឹករបស់ លោកភារធារី លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្ដីសង្ឃឹមថា «ភាគីអូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានា រួមមានជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេងៗដល់ក្រសួងមហាផ្ទៃ»។ ជាថ្មីម្ដងទៀត ប្រមុខក្រសួងមហាផ្ទៃ ក៏សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងមហាផ្ទៃ ទៅប្រទេសអូស្រ្តាលីនាពេលខាងមុខ នឹងទទួលបានលទ្ធផលផ្លែផ្កា ផ្តល់អត្ថប្រយោជន៍ ដូចជាចំណេះដឹង និងបទពិសោធន៍ល្អៗ លើការអនុវត្តការងារ ៕

To Top