ព័ត៌មានជាតិ

បណ្ឌិត គិន ភា៖ បើមិនជួយខ្មែរ កុំបំផ្លាញខ្មែរ បម្រើបរទេស!

ប្រតិកម្មម្ដងហើយម្ដងទៀត របស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹង គម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុង ទៅនឹងផលប្រយោជន៍ ជាយុទ្ធសាស្ត្ររបស់ជាតិ និងបេះដូងដ៏ពុះកញ្ជ្រោល របស់ប្រជាជនខ្មែរ ទូទាំងប្រទេស និងប្រជាជនខ្មែរ ដ៏ច្រើនលើសលប់ ដែលកំពុងរស់នៅឯនាយសមុទ្រ ដែលប្រាថ្នាចង់ឃើញព្រែកជីក នេះ លេចចេញជារូបរាងឆាប់ៗ នៅលើទឹកដីខ្មែរ ដែលជារដ្ឋអធិបតេយ្យមួយ មានអត្ថិភាពរាប់ពាន់ឆ្នាំមកហើយ នៅលើផែនដី។

គោលបំណងរបស់លោក សម រង្ស៊ី ចំពោះករណីនេះមានបួនធំៗ :

១. លោក សម រង្ស៊ី មានបំណងបម្រើផលប្រយោជន៍បរទេសជិតខាង និងរបៀបវារៈភូមិសាស្ត្រនយោបាយ របស់មហាអំណាច។ ជាយូរមកហើយ លោក សម រង្ស៊ី តែងតែយកបរទេសជាខ្នងបង្អែកនយោបាយ ប្រឆាំងរបស់ខ្លួន យកអាយុជីវិតប្រជាជននិ ងអ្នកគាំទ្រជាខែលការពារ សុវត្ថិភាពផ្ទាល់ខ្លួន។ នយោបាយប្រឆាំងរបស់គាត់ តែងបន្សល់ទុកនូវហានិភ័យ ជាច្រើនរាប់មិនអស់ ដល់អ្នកគាំទ្រនិងអ្នកហែហមគាត់ តែគាត់ខ្លួនឯងរស់នៅ សោយសុខ ស្រណុកស្រួល នៅគេហដ្ឋានផ្ទាល់ខ្លួន នៅបរទេសយ៉ាងរំភើយ។ នយោបាយប្រឆាំង របស់គាត់ក៏នាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដ ល់ប្រទេសជាតិផងដែរ។

២. លោក សម រង្ស៊ី ប្រាថ្នាចង់បានការតបតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រោះគាត់យល់ឃើញថា ការតបតណាមួយចេញពីសម្តេចតេជោក្តី ចេញពីសម្តេចធិបតីក្តី ធ្វើឱ្យគាត់មានទម្ងន់នយោបាយ។ សម្តេចតេជោ និងសម្តេចធិបតីកាន់តែតបត កាន់តែធ្វើឱ្យលោក សម រង្ស៊ី ទទួលបានមូលធននយោបាយ។

លោក សម រង្ស៊ី មើលឃើញយ៉ាងច្បាស់ពីទំហំនៃការគាំទ្រ ដ៏ផុលផុស និងយ៉ាងប្តូរផ្តាច់របស់ប្រជាជនខ្មែរ គ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជុំវិញគម្រោងព្រែកជីកហ្វូណនតេជោនេះ។ ការគាំទ្ររបស់ប្រជាជនខ្មែរទាំង ក្នុងនិងក្រៅប្រទេសបានក្លាយជាចរន្តជាតិ ដ៏សំខាន់មួយក្នុងការពង្រឹងឯកភាព និងសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ។ កម្លាំងគាំទ្រនេះ គឺជាការបិទជីពចរ ប្រឆាំងរបស់លោក សម រង្ស៊ី ខណៈ អ្នកជំនិតនិងមនុស្សសំខាន់ៗ នៅជុំវិញគាត់បានចាកចេញពីគាត់ជិតអស់ទៅហើយ។ លោក សម រង្ស៊ី កំពុងឯកោជាខ្លាំង ដែលនាំឱ្យលោកពិបាកគ្រប់គ្រង អារម្មណ៍ខ្លួនឯង និយាយប៉ាតណាប៉ាតណី លែងខ្វល់ខ្វាយពីផលប្រយោជន៍ ជាយុទ្ធសាស្ត្ររបស់ជាតិ។

៣. លោក សម រង្ស៊ី ព្យាយាមបំភ័យប្រជាជនពីផលប៉ះពាល់ខាងផ្នែកបរិស្ថាននិងអេកូឡូស៊ីដូចដែលវៀតណាមបានលើកឡើងដែរ ដែលតាមពិតគឺលោក សម រង្ស៊ី ឈរខាងវៀតណាមខ្លាចបាត់បង់ផលប្រយោជន៍វៀតណាម, ឥទ្ធិពលវៀតណាមមកលើកម្ពុជា។ លោក សម រង្ស៊ី ព្យាយាមបំភ័យប្រជាជនដោយភ្ជាប់ព្រែកជីកនេះទៅនឹងយុទ្ធសាស្ត្រយោធាចិន ដែលនោះជាភាសារបស់មហាអំណាចមួយដែលកំពុងព្រួយបារម្ភចំពោះការរះឡើងរបស់ចិនតែប៉ុណ្ណោះ។

៤. លោក សម រង្ស៊ី ព្យាយាមធ្វើឱ្យរូបគាត់ ឈ្មោះគាត់ សំឡេងគាត់ បានអណ្តែតខ្លះលើប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ ដ្បិតរូប ឈ្មោះ និងសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែលេចត្រដែតឡើងយ៉ាងខ្លាំងនិងរស់រវើកលើប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិទូទាំងពិភពលោក និងក្នុងប្រព័ន្ធព័ត៌មានសង្គម។

សរុបសេចក្តីមក ការលើកឡើងម្តងហើយម្តងទៀត របស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដូចគ្នានឹងការលើកឡើងដដែលៗ របស់វៀតណាមដែរ ដែលហាក់ដូចជាមានចេតនា រារាំងការអភិវឌ្ឍ របស់ប្រទេសកម្ពុជា ដែលជាការរំលោភលើឯករាជ្យភាព ក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យមួយ។

កង្វល់របស់ លោកលោក សម រង្ស៊ី ជាកង្វល់នយោបាយផ្ទាល់ខ្លួន ដើម្បីបិទបាំងភាពឯកោ និងភាពទ័លច្រកនយោបាយ របស់គាត់ ជាជាងខ្វល់ខ្វាយពីផលប្រយោជន៍ ជាយុទ្ធសាស្ត្ររបស់ជាតិនិងសុខទុក្ខ របស់ប្រជាជន។

ក៏ប៉ុន្តែ ទោះបីជាមានការរាំរាំង បន្ទុចបង្អាក់ ពីអានុភាពណាក៏ដោយ ក៏រាជរដ្ឋាភិបាលយើងត្រូវតែសាងសង់ព្រែកជីកនេះ ឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ទោះមានឬគ្មាន ការវិនិយោគរបស់បរទេសក៏ដោយ ព្រោះប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយ ឈរយ៉ាងរឹងមាំនៅជាមួយ រាជរដ្ឋាភិបាលជុំវិញ គម្រោងព្រែកជីកនេះ។

យើងសាងសង់ព្រែកជីកយើង ដើម្បីមោទនភាពជាតិយើង ឯកភាពជាតិយើង សាមគ្គីជាតិយើង  ឯករាជ្យជាតិយើង ផលប្រយោជន៍សេដ្ឋកិច្ចជាតិយើង និងទុកជាមរតកឱ្យកូនចៅយើងរាប់ពាន់ឆ្នាំទៅមុខទៀត៕

To Top