ព័ត៌មានជាតិ

លោក ស សុខា អញ្ជើញជាអធិបតី​ ក្នុងកម្មវិធីរាត្រីសមោសរ ដើម្បីការងារ សង្គមខេត្តព្រៃវែង

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤លោក ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីកម្មវិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង នៅសាលបុរីប៉េងហួតបឹងស្នោ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង លោក ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី អ្នកនាងកញ្ញាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការរៀបចំកម្មវិធីរាត្រីសមោសរ ដើម្បីការងារសង្គមក្នុងខេត្តព្រៃវែង ដែលបានលះបង់កម្លាំងកាយចិត្ត ក៏ដូចជាពេលវេលាបន្ថែមលើភារកិច្ចស្នូលរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាត់ចែង រៀបចំធ្វើឱ្យកម្មវិធីនៅរាត្រីនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យដូចការរំពឹងទុក។

ជាមួយគ្នានេះដែរ លោក ប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណចំពោះ លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរជនទាំងអស់ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួន ជាថវិកា ក៏ដូចជាសម្ភារៈ ចូលរួមចំណែកកិច្ចការងារសង្គមក្នុងមូលដ្ឋានខេត្តព្រៃវែង តាមរយៈកម្មវិធីរាត្រីសមោសរនេះ។

លោក ប្រធានក្រុមការងារ បន្ដថា កាយវិការដ៏សប្បុរសរបស់ លោក លោកស្រី នៅពេលនេះ ពិតជាបានបង្ហាញឱ្យឃើញនូវឆន្ទៈ និងស្មារតី ក្នុងការចែករំលែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិទាំងមូល និយាយជារួម និងដោយឡែកសម្រាប់មូលដ្ឋានខេត្តព្រៃវែង។

លោក ប្រធានក្រុមការងារ បន្ថែមថា សកម្មភាពនៃការចូលរួមនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីសាមគ្គីភាព និងជាការបន្តនូវវប្បធម៌ចែករំលែកដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការធានាបាននូវសង្គមជាតិមួយដ៏រឹងមាំ ប្រកបដោយភាពសុខដុមរមនា៕

To Top