ព័ត៌មានជាតិ

កម្ពុជា អាចមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី១៥-២៥% ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ឧសភា

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាស ដោយបានឱ្យដឹងថា តំបន់មួយចំនួន នៅក្នុងប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី១៥-២៥% ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ឧសភា។

តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើ ឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤៖

១/ តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគអាគ្នេយ៍មាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។

២/ តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគឧត្តរ មានខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងទិសឦសាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២៥%។

៣/តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

To Top