ព័ត៌មានជាតិ

ការប្រកួតកីឡាតេក្វាន់ដូ WT HOPE 2029 ឆ្នោះទៅកាន់ព្រឹតិ្តការណ៍ ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ នៅកម្ពុជា

ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូបានសហការជាមួយបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជានាថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំការប្រកួតកីឡាតេក្វាន់ដូ WT ដែលមានរហស័នាមថា “HOPE 2029 Taekwondo competition” ក្នុងដំណើរឆ្នោះទៅកាន់ព្រឹតិ្តការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ការប្រកួតជាផ្លូវការ។

លោក ហែម សំណាង អនុប្រធានកិត្តយសខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងជាអជ្ញាកណ្តាលកម្រិតអន្តរជាតិបានមានប្រសាសន៍ថា ការប្រកួតកីឡាតេក្វាន់ដូ WT HOPE 2029 នេះធ្វើឡើងក្នុងគោលបំណងស្វែងរកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមៗលើប្រភេទកីឡាតេក្វាន់ដូ WT ត្រៀមព្រឹតិ្តការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ នៅប្រទេសកម្ពុជា។

លោកបានបន្តថា ការប្រកួតមិនត្រឹមតែមានស្វែងរកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមៗទេ ថែមទាំងជួយផ្នែកសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ។ ជំរុញឲ្យលើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ-កីឡាការិនីល្អៗ ចូលរួមក្នុងក្រុមជម្រើសជាតិនាពេលអនាគត និងបង្កលក្ខណៈឲ្យមានការជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម។

ការប្រកួតកីឡាតេក្វាន់ដូ WTមានរហស័នាមថា “HOPE 2029 Taekwondo competition” មានក្លិបនៅទូទំាងរាជធានីភ្នំពេញ និងក្លិបចំនួននៅខេត្តកណ្តាលគឺក្លិបតេក្វាន់ដូ WT បក្សីដែក និងក្លិបតេក្វាន់ដូ WT វិទ្យាល័យហ៊ុនសែន សេរីភាព ដែលមានកីឡាករ-កីឡាការិនីជាង ៤០០ នាក់។ ចំណែកក្លិបតេក្វាន់ដូ WT វិទ្យាល័យហ៊ុនសែន សេរីភាព ដណ្តើមបានមេដាយសរុប ១២ គ្រឿងក្នុងនោះដណ្តើមមេដាយមាស ៥គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ៕ ដោយ៖លី ភីលីព

To Top